ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមរួម ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយជូនប្រជាជនទាំងនៅទីប្រជុំជននិងជនបទ
តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជន និងទីក្រុងបានកើនឡើងជាបន្តបន្ទាប់ ហើយបញ្ហាទឹកក៏បានក្លាយជាបញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើននៃទីក្រុងដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជននិងជនបទ។
ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមសកល ដែលបង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ចំហេះប្រេងឥន្ធនៈ ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ អនុប្រធានទី១រដ្ឋសភា បានបន្តថា វិបត្តិអាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រទេសតូច ទាំងប្រទេសធំ ទាំងកម្រិតរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១នៃរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីចក្ខុវិស័យទឹក÷ទស្សនវិស័យពីកម្ពុជា ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ (Hyatt Regency ភ្នំពេញ) នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីមុនរហូតមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ក្រោមដំបូលនៃសន្តិភាព និងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដោយបានបន្តកំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕