ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងហុងគ្រីពង្រឹងវិស័យការទូតសភា ភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនដើម្បីពលរដ្ឋនិងសន្តិភាព

ទោះនៅក្នុងទ្វីបផ្សេងគ្នា តែកម្ពុជានិងហុងគ្រី បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានេះជាប្រចាំ។ ក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី បានលើកឡើងពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទំាងពីរ ដែលមានប្រមាណជា៧០ឆ្នាំមកនេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ម៉ាតា ម៉ាត្រៃ បានវាយតម្លៃខ្ពស់ពីតួនាទីនិងសារៈសំខាន់នៃការងារការទូតសភា ក្នុងការចូលរួមចំណែកបន្ថែមលើការងារការទូតរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្នដើម្បីមនុស្សជាតិនៅលើភពផែនដី នៅក្នុងស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ដោយសារការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយដូចពេលបច្ចុប្បន្ននេះ។
ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។ ដំណើរទស្សកិច្ចនាពេលនេះគឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតរមួត និងខ្លាំងក្លាឡើង៕