• The People Post

រឿងរាវជាច្រើន ដែលយើងមិនបានដឹង ពីសហគមន៍នេសាទនិងទេសចរណ៍ត្រពាំងសង្កែ ខេត្តកំពត

សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។

សហគមន៍ត្រពាំងសង្កែ ឈ្នះពានរង្វាន់ចំនួន២ពីសហគមន៍អាស៊ាន ពានរង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន​ និង​ពានរង្វាន់​ផ្ទះសំណាក់​សហគមន៍​ទេសចរណ៍​ស្តង់ដារ​អាស៊ាន​ ក្នុងឆ្នាំ២០២៣។
ត្រពាំងសង្កែ គ្រោបដណ្តប់ដោយ ព្រៃកោងកាងមានទំហំសរុប ៤៨ហិចតា ដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។
នៅពេលទៅដល់ត្រពាំងសង្កែ គេអាចមានសកម្មភាពកម្សាន្តដូចជា ការជួលទូកជិះកម្សាន្ត ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ ឬការបោះតង់។
អ្នកទេសចរអាចទិញដើមកោងកាងដាំដើម្បីដាំ បន្សល់ទុកជាអនុស្សាវរីយ៍ និងជាផ្នែកមួយជួយដល់បរិស្ថានផងដែរ (តម្លៃ២​ពាន់រៀលក្នុងមួយដើម)។
សហគមន៍ត្រពាំងសង្កែ មានស្ពានឈើប្រវែង១ពាន់ម៉ែត្រ សម្រាប់ឱ្យអ្នកទេសចរដើរគយគន់សម្រស់ដើមកោងកាង
១០- ដើមកោងកាង​ជាប្រភេទរុក្ខជាតិសមុទ្រ ដែលដុះនៅតាមបណ្តោយឆ្នេរមានភក់ល្បាប់ មានទឹកជោរនាច ធន់នឹងកំហាប់អំបិលខ្ពស់ ហើយមានឫសជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យបោកបក់បំផ្លាញដំណាំនិងផ្ទះនៅតំបន់ឆ្នេរ។

ដើមកោងកាង១ហិកតា អាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន១តោនដូចគ្នា លើសពីនេះ ដើមកោងកាងជាជំរកសំខាន់របស់ជីវចម្រុះ ត្រី ខ្ចង ក្តាមគ្រប់ប្រភេទ និងក៏ជាកន្លែងសម្រាប់ឱ្យត្រីជ្រកពង ក្នុងរដូវត្រីពង។ ព្រៃកោងកាងក៏អាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឱ្យមាននិរន្តរភាព និងជួយលើកស្ទួយជីវភាពសហគមន៍។