រដ្ឋសភាចាប់ដៃជាមួយរាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់សេចក្តីសុខ ប្រជាពលរដ្ឋ
រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រកាសបន្តចាប់ដៃជាមួយរាជរដ្ឋាភិបាលភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ជាពិសេសជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើនជាលំដាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលនិយាយពីលទ្ធផលការងារ នៅក្នុងការតាមដានការអនុវត្តច្បាប់ នៅក្នុងរយៈពេល៦មកនេះ ចេញផ្យាយនៅថ្ងៃទី៦កុម្ភៈនេះ រដ្ឋសភានីតិកាលទី៧ បានអះអាងពីការបន្តបេសកកម្មតាមមុខងាររបស់ខ្លួនឱ្យបានសកម្ម មានការទទួលខុសត្រូវខ្ពស់ចំពោះសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ ដោយត្រូវកម្ពស់ប្រសិទ្ធភាពការងារនិងនីតិរដ្ឋ រួមសហការជាមួយស្ថាប័ននីតិប្រតិបត្តិ ពង្រឹងអភិបាលកិច្ចល្អ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព ដើម្បីរក្សាបាននូវសុខសន្តិភាព វិបុលភាព កិត្យានុភាព និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សេចក្តីប្រកាសព័ត៌មានថា នៅក្នុងរយៈពេល៦មកនេះ សមាជិកសមាជិការដ្ឋសភា ក៏ដូចជា គណៈកម្មការជំនាញរដ្ឋសភាទំាង១០ បានបំពេញការងារតាមដានការអនុវត្តច្បាប់ យ៉ាងសកម្ម ដោយបានអញ្ជើញតំណាងរាជរដ្ឋាភិបាល ដែលជាថ្នាក់ដឹកនាំក្រសួង អង្គភាព ចំនួន១៧ មកពិភាក្សា ស្វែងយល់ពីលទ្ធផលការងារសម្រេចបាន ក៏ដូចជាផលលំបាកនៅក្នុងការអនុវត្តច្បាប់ ដើម្បីរកដំណោះស្រាយនិងការពង្រឹងភាពជាដៃគូដែលមិនអាចខ្វះបាន ក្នុងការបម្រើប្រជាពលរដ្ឋ។
រដ្ឋសភាបានបញ្ជាក់ថាក្រៅពីការជួបពិភាក្សាការងារជាមួយតំណាងរាជរដ្ឋសភា គណៈកម្មការជំនាញរដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភាទំាងអស់ បានចុះបំពេញបេសកកម្ម ជួបពលរដ្ឋ ជួបអាជ្ញាធរអ្នកអនុវត្តច្បាប់ តាមខេត្ត ក្រុងបានជាច្រើនផងដែរ ដើម្បីស្វែងយល់តម្រូវការ សំណូមពរ ហើយធ្វើការដោះស្រាយតាមយន្តការរបស់រដ្ឋសភា។
រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានរដ្ឋសភានិងព្រឹទ្ធសភា។ រដ្ឋសភាមានតួនាទីសំខាន់ ចំនួនបី គឺការងារនីតិកម្ម(ការតាក់តែងនិងអនុម័តច្បាប់) ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ។
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ធ្លាប់លើកឡើងថា រដ្ឋសភានីតិកាលទី៧ នឹងខិតខំខំបម្រើពលរដ្ឋដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដោយយកពលរដ្ឋជាស្នូល គំាទ្រដល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដូចជាការពន្លឿនការអនុម័តច្បាប់ ដើម្បីធានាប្រសិទ្ធភាព ការងាររាជរដ្ឋាភិបាល ក្នុងការបម្រើប្រទេសនិងប្រជាជពលរដ្ឋ។
រដ្ឋសភាបានសម្តែង ការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ជាពិសេសបានផ្តល់អាទិភាពលើការធានាការពារសុខសន្តិភាពដែលជាតម្លៃស្នូលរបស់សង្គម និងបានពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនលូតលាស់ជាលំដាប់ ស្របតាមការត្រួសត្រាយផ្លូវជាប្រវត្តិសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមគ្គុទ្ទេសក៏ជាតិដ៏ឆ្នើម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕