• The People Post

ប្រធានរដ្ឋឡាវ នាំអំណោយសត្វដំរីពីរក្បាលជូនពលរដ្ឋខ្មែរ

ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននាំអំណោយសត្វដំរីចំនួនពីរក្បាលជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ប្រធានរដ្ឋឡាវ បានថ្វាយសត្វដំរីនោះ ដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គេមិនដឹងថាសត្វដំរី ដែលប្រមុខរដ្ឋឡាវជូនពលរដ្ឋកម្ពុជានោះមានរូបរាងយ៉ាងណានោះទេ ហើយក៏មិនដឹងថាវានឹងត្រូវនាំមកដល់កម្ពុជានៅពេលណានោះដែរ។ ប្រភពបានបញ្ជាក់ថាដំរីទំាងពីរក្បាលនោះមានឈ្មោះចំប៉ានិងរំដួល មួយក្បាលញីនិងមួយក្បាលឈ្មោល។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសស្តីពីលទ្ឋផលដំណើរទស្សនិច្ចរបស់ ឯកឧត្តម ថងលុន ស៊ីសុលីត នៅកម្ពុជា បានបញ្ជាក់ថាដំរីនោះនឹងមកដល់កម្ពុជា ក្រោយបញ្ចប់នីតិវិធីហើយ។

ដំរីត្រូវគេជឿថាជាសត្វនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន។ សត្វដំរីជាតំណាងប្រទេសឡាវ។ ការផ្តល់កាដូដំរីជូនកម្ពុជានាឱកាសនេះ ក៏បង្ហាញពីចំណងមិត្តភាពរឹងមាំកម្ពុជានិងឡាវ។

ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺថ្ងៃ២៣និង២៤ មេសាឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នេះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងក្នុងភាពជាបងប្អូន និងស្មារតីសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងដើម្បីវិបុលភាពរួមរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ៕