អ្នកស្រុកអង្គរធំ បន់សុំទឹកភ្លៀង នៅប្រាសាទនាគព័ន្ធ ដើម្បីផ្តើមធ្វើស្រែចម្ការ
អ្នកឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀង នៅឡើយទេនៅខេត្តសៀមរាបនោះ។
ការបន់ស្រន់ជាទម្លាប់មួយរបស់អ្នកស្រុកនេះ បានធ្វើឡើងស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅ។ អ្នកឃុំលាងដៃបានធ្វើកិច្ចនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ កំឡុងពេលដើរប្រទក្សិណនោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថាមានភ្លៀងធ្លាក់មកមែន។
ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះរួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។ អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ និងមកជាលក្ខណៈគ្រួសារដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ។ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និងរំពឹងថាភ្លៀងនឹងឆាប់បង្អុរឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះចប់សព្វគ្រប់។
ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ស្រុកអង្គរធំ និងមានអ្នកក្រៅពីតំបន់ក្បែរនោះចូលរួមផងដែរ។
មួយថ្ងៃពីរថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍មកថា ខេត្ត តំបន់ខ្លះនៅប្រទេសកម្ពុជា បានទទួលដំណក់ទឹកភ្លៀងហើយ ផងដែរ៕
រូបភាពពីអាជ្ញាធរជាតិអប្សរា