• The People Post

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មាន គឺជា​អំណាច​ទី​៤ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក ក្នុងឱកាសនៃការប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា» ដែលនេះជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន។

ដោយហេតុថា ឆ្នាំ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវិបត្តិនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់ បានធ្វើឱ្យមនុស្ស ៨៥% នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ កាន់តែខ្លាំង ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បញ្ហាបរិស្ថានទាំងនេះ។

សម្តេចធិបតី បានលើកទ្បើងថា លំហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កាន់តែ​រីកចម្រើន​ធំធាត់​​ និងឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក​សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០.០០០ នាក់ និងស្ថាប័នសារព័ត៌មានជាង ២.០០០ អង្គភាព។

ជាមួយនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមានសារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ថែរក្សា​សន្តិភាព ស្ថិរភាព និង​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ក្នុងការសម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការចាំបាច់នានា កាន់តែមាន​ប្រសិទ្ធភាព៕