• The People Post

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីពេលថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចិត្តផ្តល់ក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីពេលថ្មីៗ។ ការផ្តល់ក្របខណ្ឌនេះ បានធ្វើឡើងក្រោយពីមានការស្នើសុំរបស់កូននាយទាហានមួយរូបបានសរសេរនៅលើបណ្តាញសង្គម ស្នើសុំក្របខ័ណ្ឌជាមន្រ្តីយោធាបន្តវេនពីឪពុករបស់ខ្លួន។
ក្រោយឃើញសារនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេនតពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា”។
កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ មានឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ បានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត ។
សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា “មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់”៕