ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិទៅនៅក្នុងបរិវេណ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំ ដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួល បានភោគផលខ្ពស់។ ទន្ទឹមនេះដែរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
កាលពីឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័លបាន ប្រារព្ធធ្វើនៅកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួម ពីឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ៕