កម្ពុជាកំពុងប្រែក្លាយប្រវត្តិ ពីភាពជូរចត់ដោយសារសង្គ្រាម ទៅជាប្រទេសមួយស្រស់បំព្រង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកនេះ គឺធ្វើយ៉ាងណាជំរុញការអភិវឌ្ឍប្រទេស និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ជាពិសេសប្រែក្លាយប្រវត្តិកម្ពុជាពីភាពជូរចត់ដោយសារសង្គ្រាម ទៅជាប្រទេសមួយស្រស់បំព្រង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលមានតួនាទីនានូវសុខសន្តិភាព ស្ថេរភាព ទីផ្សារ និងកត្តាផ្សេងៗទៀត ដែលជាតម្រូវការរបស់វិស័យឯកជន។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច មិនមែនមានតែទ្រឹស្តីនោះទេ តែផ្តល់តម្លៃលើលទ្ធផលលើដីជាក់ស្តែង។
ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ។
បន្ថែមពីនេះ ក្រៅពីប្រកាសរក្សាឱ្យបាននូវសន្តិសុខ និងស្ថេរភាពនយោបាយនៅកម្ពុជាឱ្យបានគង់វង្ស, សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសរក្សាឱ្យនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ដោយរាជរដ្ឋាភិបាល បានបន្ត ជំរុញកំណើនសេដ្ឋកិច្ច ដែលនៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា បានកើន ៥ភាគរយ តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងកាន់តែខ្ពស់បន្ថែមទៀត ចំណុចនេះគឺជាគោលដៅសំខាន់មួយរបស់រាជរដ្ឋាភិបាលចាប់តាំងពីថ្ងៃដំបូងផងដែរ៕