ភ្នំសំពៅ ឆ្ពោះទៅកាន់តំណែងជាមណ្ឌលទេសចរណ៍នាំមុខគេ នៅខេត្តបាត់ដំបង
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាននឹងកំពុងខិតខំកែច្នៃតំបន់ទេសចរណ៍ភ្នំសំពៅ ប្រែក្លាយជារមណីយដ្ឋានឈានមុខគេ ក្នុងខេត្តក្នុងឆ្នាំ២០២៤ នេះ។ ក្រៅពីគាររៀបចំហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ មន្ទីរចង់ឱ្យគេស្គាល់កាន់តែច្រើននូវផលិតផល និងម្ហូបអាហារដែលជាស្នាដៃអ្នកបាត់ដំបង ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា «ការកែច្នៃបន្ថែមនេះ មានសាងសង់ជាតូបដាក់តាំងលក់ផលិតផលក្នុងស្រុក (ភូមិមួយផលិតផលមួយ) រួមនិងម្ហូបអាហារឆ្ងាញ់ៗយ៉ាងសម្បូរបែបផងដែរ»។ ជាក់ស្តែងបច្ចុប្បន្នកំពុងតែសាងសង់ និងមានរៀបចំបំពាក់ភ្លើងពណ៌ សម្រាប់ភ្ញៀវកម្សាន្តពេលរាត្រីផង ដែលមើលទៅហាក់ដូចជាផ្សាររាត្រីដ៏ទំនើបបែបធម្មជាតិមួយ ធ្វើឲ្យអារម្មណ៍ភ្ញៀវទេសចរស្រស់ស្រាយ។ មិនតែប៉ុណ្ណោះ ចំពោះការកែច្នៃបន្ថែមនេះ នៅថ្ងៃទី១១-១២ ខែឧសភា នេះនឹងដាក់សម្ពោធជាផ្លូវការ។
ភ្នំសំពៅ ជាឈ្មោះភ្នំមួយស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ១២ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ត្រូវបានដាក់បញ្ចូលជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏ពេញនិយម សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង។ ភ្នំនេះមានល្អាងរហូតដល់ ១២ ប្លែកពីគ្នាមានកម្ពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្ដើរឡើងចំនួន ១០៣០ កាំ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅលើកំពូលភ្នំនេះ មានវត្តមួយឈ្មោះថា វត្តគិរីរម្យ និងល្អាងរូងទាំង ១២ លើភ្នំនេះមានដូចជា ល្អាងផ្កាស្លា, ល្អាងគក់ទ្រូង,ល្អាងខ្យល់,ល្អាងតែងខ្លួន,ល្អាងល្ខោន, ល្អាងជ្រៃ, ល្អាងពេជ្រ, ល្អាងខ្វែង, ល្អាងប្រេង, ល្អាងស្ថានីយ ឬល្អាងធំ, ល្អាងក្បាលខ្មោច និងល្អាងប្រចៀវ។ ក្នុងចំណោមល្អាងទាំង ១២ ភ្ញៀវទេសចរ និយមចូលទស្សនាតែល្អាងផ្កាស្លា និងល្អាងល្ខោនប៉ុណ្ណោះ។
ការទស្សនាទិដ្ឋភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងនៅពេលល្ងាច ដែលអ្នកស្រុកតែងនិយមនាំគ្នាហៅហ្វូងប្រជៀវទាំងនោះថា កងទ័ពប្រជៀវដ៏ក្លាហាន ជាចំណីទាក់ទាញអ្នកទេសចរចង់ទៅទស្សនាភ្នំសំពៅខណៈក្បួនហោះហើររបស់ហ្វូងប្រជៀវនេះប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ដែលការហោះហើររបស់ហ្វូងសត្វប្រជៀវនៅចន្លោះម៉ោង ៥:៣០ នាទី ដល់ម៉ោង ៦:១៥នាទីល្ងាច គឺជាពេលវេលាដែលហ្វូងសត្វប្រជៀវចាប់ផ្ដើមហោះហើរបណ្ដែតខ្លួនចេញពីរូងភ្នំ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ទើបនៅតំបន់មួយនេះ ត្រូវបានមន្ទីរទេសចរណ៍ខេត្តបង្កើនការកែច្នៃបន្ថែមដើម្បីទាញកំណើនភ្ញៀវក្រៅស្រុក កាន់តែមានកំណើនខ្ពស់៕