• The People Post

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ លើភាពជាដៃគូកិច្ចសហប្រតិបត្តិការ ពិសេសវិស័យពាណិជ្ជកម្ម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី យូន សកយ៉ល។ ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដុកស៊ូ (Han Duck-soo) និងប្រធានរដ្ឋសភា លោក គីម ជីនណូ (Kim Jin-pyo)។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ ឆ្លៀតក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។

សូមជម្រាបថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត៕