ក្រុមការងារកំណាយស្រាវជ្រាវ បានប្រទះឃើញព្រះកេស ចម្លាក់កូរសមុទ្រទឹកដោះ នៅម្តុំខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ
លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យ បានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ថា ជាងពីរសប្ដាហ៍មកហើយដែលក្រុមការងារបស់លោកបាន និងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ និងបានគូសបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ។
ក្នុងពេលក្រុមការងារកំពុងធ្វើកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាតកប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។
ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់១២ស.ម។
ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ អ្នកជំនាញបានសន្និដ្ឋានថា គ្រឹះចម្លាក់កូរសមុទ្រទឹកដោះ នៅខ្លោងទ្វារជ័យនេះនៅមានភាពមាំល្អ ព្រោះធ្លាប់បានជួសជុលម្ដងនៅសម័យកណ្ដាល និងសម័យបារាំង។ ទោះយ៉ាងណា គេត្រូវកំណាយស្រាវជ្រាវនៅផ្នែកខាងលើបន្ថែមទៀត មើលស្ថានភាពតួស្ពានទាំងមូល ដើម្បីមើលស្ថានភាពជួសជុលនៅពេលនោះឱ្យបានល្អិតល្អន់ មុននឹងមានគម្រោងជួសជុលចម្លាក់កូរសមុទ្រទឹកដោះ នាពេលខាងមុខ៕