Forbes ទស្សនាវដ្តីលំដាប់ពិភពលោកបញ្ចូលកីឡាករគុនខ្មែរ ធឿន ធារ៉ា ជាជើងខ្លាំង
កីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។
Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក។
ធឿន ធារ៉ា មានរហ័សនាមថា ពូថៅដៃពិឃាត។ ពេលគូប្រកួតជួបជាមួយ ធឿន ធារ៉ា ច្រើនតែខ្លបខ្លាចនឹងការលេងកែងដ៏ប៉ិនប្រសប់ មុតស្រួច តែងតែធ្វើឲ្យគូប្រកួតបែកលើថ្ងាស់ ក្បាល មុខ មាត់ និងច្រមុះ ដែលជារឿងជៀសមិនផុត។
ជាកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង ធារ៉ានិងឪពុកម្តាយ បានចំណាយពេលច្រើនឆ្នាំប្រកបរបរចិញ្ចឹមជីវិតនៅប្រទេសថៃ។ បច្ចុប្បន្នធារ៉ា ជាសិស្សគុណ របស់អ្នកប្រដាល់ អេ ភូថង ។