មកស្គាល់ប្រាសាទខ្មែរ ៖ ប្រាសាទប្រែរូបដែលមានវ័យចំណាស់តាំងពីសតវត្សទី១០
ក្រៅពីប្រាសាទភ្នំបាខែង នៅក្នុងរមណីយដ្ឋានអង្គរមានកន្លែងទស្សនាថ្ងៃលិចមួយចំនួនទៀត ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន រួមមាន ខ្លោងទ្វារទន្លេអុំ ស្រះស្រង់ និងប្រាសាទប្រែរូបជាដើម។
កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានបើកឱ្យចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារការងារជួសជុលមួយចំនួន។ ពេលនេះ សាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបបាន ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងប្លែកអារម្មណ៍។
ប្រាសាទប្រែរូប ជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ហើយក៏ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ យោងតាមសិលាចារឹកនៃប្រាសាទនេះដែលមានលេខសម្គាល់K.806 គេដឹងថាទីនេះជាទេវស្ថានដែលសង់ឡើងក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទេវ។ ព្រះអង្គបានកសាងប្រាសាទនេះដើម្បីឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា។ ចម្លាក់ទេពដែលសំខាន់ជាងគេនិងមានទម្រង់ជាសិវលិង្គព្រះនាមរាជេន្ទ្រភទ្រេស្វរៈ ក៏ត្រូវបានតម្កល់នៅប្រាង្គកណ្ដាលនៃប្រាសាទនេះ រួមជាមួយទេពផ្សេងៗនៅតាមប្រាង្គដទៃទៀតដែលជាការឧទ្ទិសភ្ជាប់ដល់បុព្វការីជនរបស់ព្រះអង្គ។
ប្រាសាទប្រែរូប ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ ប៉ុន្តែ ថ្មបាយក្រៀម និងថ្មភក់ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរ។ ប្រាសាទប្រែរូប មានប្រាង្គចំនួនប្រាំ ដែលសង់ជាទម្រង់ប្រាសាទភ្នំ៕