សម្ដេច ហេង សំរិន មានជន្មាយុឈានចូល៩១ឆ្នាំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានជន្មាយុឈានចូល៩១ឆ្នាំហើយនៅឆ្នាំ២០២៤នេះ។ ពិធីបុណ្យជម្រើនជន្មាយុ គម្រប់៩០ឆ្នាំឈានចូល៩១ឆ្នាំ បានប្រារព្ធធ្វើនៅគេហដ្ឋានសម្តេច ឯស្រុកកំណើតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំក្នុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
សម្តេច ហេង សំរិន ធ្លាប់មានប្រសាសន៍លើកឡើងពីការថែទំាសុខភាពឱ្យបានល្អបរិបូណ៌តាមរយៈរបបអាហារនិងការហាត់ប្រាណ។
នៅក្នុងសៀវភៅ សម្តេចហេង សំរិន ក្នុងវិស័យការទូតសភា បានឱ្យដឹងថានៅក្នុងការថែទំាសុខភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពិសារអាហារធម្មជាតិ ហើយសម្តេចមិនមានទន្លាប់ពិសារចំណីចំណុកនានា ក្រៅពីអាហារបីពេលក្នុងមួយថ្ងៃនោះឡើយ។ អាហារដែលមានរស់ជាតិប្រៃនិងផ្អែមពេក សម្តេចមិនពិសារឡើយ។ សម្តេច ហេង សំរិន មានទម្លាប់លេងកីឡាជាប្រចាំ។ ប្រភេទកីឡាដែលសម្តេចនិយមលេង មានបោះប៊ូលនិងវាយកូនហ្គោល។
នៅលើបណ្តាញសង្គម Facebook សម្តេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋថែរទំាសុខភាពតាមរយៈការហាត់កីឡានិងត្រូវមានរបបអាហារត្រឹមត្រូវ។ ទទួលទានអាហារសុខភាព មិនគួរទទួលទានអារហារច្រើនជ្រុល។ បើមិនដូច្នេះអ្នកនឹងពិសារថ្នាំជាប្រចាំ ដូចជាអាហារមិនខានឡើយ៕