• The People Post

មកស្គាល់ប្រាសាទខ្មែរ៖ ប្រាសាទភិមានអាកាស ព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល

តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ វ្រះកម្រតាញស្រីសត្យាស្រ័យ នៅរវាងគ្រិស្ដសករាជ ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។

ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រជាច្រើនរជ្ជកាល រួមមាន៖ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០, ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ ព្រះបាទសូរ្យវរ្ម័នទី១ ដើមសតវត្សទី១១ជាដើម។ ទ្រង់បានយកហេមស្រិង្គគិរី ធ្វើជាប្រាសាទសម្រាប់រាជ្យ និងសម្រាប់ការគោរពបូជាដល់អាទិទេព។

ប្រាសាទភិមានអាកាស កសាងពីថ្មភក់ មានទម្រង់ជាប្រាសាទភ្នំ នៅលើគ្រឹះថ្មបាយក្រៀមបីជាន់។ គ្រឹះថ្មបាយក្រៀមទាំងពីរជាន់ មានរាងបួនជ្រុងទ្រវែង ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ និងមានជណ្ដើរគ្រប់ទិសទាំងបួន។ ជាន់ក្រោមបង្អស់ មានទទឹងជើង-ត្បូង ប្រវែង២៨ម៉ែត្រ និងបណ្ដោយកើត-លិច ប្រវែង៣៥ម៉ែត្រ។ នៅអមសងខាងជណ្ដើរឡើង ត្រង់មុំជ្រើងគ្រឹះទាំងបីជាន់ មានចម្លាក់រូបសិង្ហ និងរូបដំរី៕