• The People Post

ពលីដោយកិត្តិយស កម្លាំងរក្សាសន្តិភាពកម្ពុជា១១នាក់ បានបាត់បង់ជីវិតក្នុងបុព្វហេតុសន្តិភាព

សោកស្តាយណាស់ដែលកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) តែមរណភាពនេះពោលពេញដោយកិត្តិយសនិងជាទីមោទនភាព។

កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួល អ.ស.ប. ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធកងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN)។

ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោក នេះ បានធ្វើឡើងស្របពេលដែល បណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា ២០២៤ ជាខួបលើកទី៧៦ ដើម្បីរំឭកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាព នៅតាមប្រទេសមានជម្លោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។

លោក ចូសិប ស៊ូអើ (Joseph Scheuer) បានថ្លែងដែរថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជិត២លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រUN ក្នុងនោះមានយុទ្ធជន យុទ្ធនារី ថែរក្សាសន្តិភាពប្រមាណ ៤៣៧៤នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។

ក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាររបស់UNTAC

នៅកម្ពុជា លោក សែម រតនា បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ

១៩៩២-ឆ្នាំ១៩៩៣ មានកម្លាំងUNTACប្រមាណជាង ១៥០០០នាក់ កម្លាំងនគរបាលស៊ីវិល៣០០០នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំងUNTAC ៨២នាក់ មកពីប្រទេសចំនួន២៧

ប្រទេស បានរងការពលីជីវិត។

ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៨ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពUN ចំនួន៩៥៦៣ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ១០ប្រទេស ខណៈក្នុងឆ្នាំ២០២៤ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត ៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន÷ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕