• The People Post

អាមេរិក៖ សម្ព័ន្ធមិត្តកំពុងពន្លឿនលើការប្រើប្រាស់ទ្រព្យបង្កករុស្ស៊ី ដើម្បីជួយអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់នៃរតនាគារអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា សហរដ្ឋអាមេរិក និងដៃគូ G7 របស់ខ្លួនកំពុងពន្លឿនលើការស្វែងរកមធ្យោបាយដើម្បីផ្តល់មូលនិធិដែលត្រូវការជាបន្ទាន់បន្ថែមទៀតដល់អ៊ុយក្រែន ពីការទាញយកប្រាក់ចំណេញដែលទទួលបានលើទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។

លោក ប្រេនត៍ នៃមែន (Brent Neiman) ជំនួយការលេខាធិការហិរញ្ញវត្ថុអន្តរជាតិ បាននិយាយថា ការសម្រេចនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់លំហូរប្រចាំឆ្នាំនៃប្រាក់ចំណេញរកបានពីទ្រព្យសកម្មដែលត្រូវបង្កក អាចមានលទ្ធភាពផ្តល់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការវាយលុកយោធារបស់រុស្ស៊ី។

លោក នៃមែន ដែលទើបត្រឡប់មកពីទស្សនកិច្ចនៅអ៊ុយក្រែននាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិក និងដៃគូនៃក្រុមប្រទេសទាំងប្រាំពីរ G7 របស់ខ្លួនកំពុងជំរុញការពិភាក្សាអំពីមធ្យោបាយផ្តល់មូលនិធិកាន់តែច្រើនដល់អ៊ុយក្រែននៅពេលនេះ។

លោកបន្ថែមថា ការធ្វើដូច្នេះនឹងផ្តល់នូវការជំរុញសារពើពន្ធភ្លាមៗដល់អ៊ុយក្រែន និងជាសញ្ញាដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថាលោក «មិនអាចយកឈ្នះអ៊ុយក្រែន និងដៃគូរបស់ខ្លួនបានឡើយ»។

សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញដៃគូ G7 របស់ខ្លួនដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ដើម្បីផ្ដល់ប្រាក់កម្ចីដែលគាំទ្រដោយប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កកនោះ ដោយអាចផ្តល់ឱ្យទីក្រុងគីវ នូវទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារក្នុងរយៈពេលខ្លី។ ប្រាក់កម្ចីនេះបានលេចចេញជាជម្រើសចម្បង ដោយសារប្រទេស G7 នៅតែមានការខ្វែងគំនិតលើការរឹបអូសទ្រព្យសម្បត្តិបង្កកទាំងស្រុងរបស់រុស្ស៊ី៕