សមាជិកសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មតុលាការ ICC ជុំវិញការស៊ើបអង្កេតអ៊ីស្រាអែល
សភារបស់សហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីរដ្ឋអាជ្ញា បានដាក់ស្នើសុំដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។
រដ្ឋអាជ្ញាតុលាការ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ បាននិយាយថា លោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant គួរតែត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធទៅនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា រួមជាមួយមេដឹកនាំបីនាក់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស។
ច្បាប់ប្រឆាំងតុលាការមិនស្របច្បាប់របស់សភាសហរដ្ឋអាមេរិក ដែលគាំទ្រដោយស្ទើរតែគ្រប់សមាជិកគណបក្សសាធារណរដ្ឋ និងប្រហែលមួយភាគប្រាំនៃគណបក្សប្រជាធិបតេយ្យ នឹងរារាំងការចូលមកក្នុងសហរដ្ឋអាមេរិកសម្រាប់មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលពាក់ព័ន្ធទៅនឹងករណីនេះ ដោយដកហូតទិដ្ឋាការរបស់ពួកគេ និងដាក់ការរឹតត្បិតលើប្រតិបត្តិការអចលនទ្រព្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក Mike Johnson ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោត បានដាក់ការកំណត់សម្រាប់សកម្មភាពដែលគ្មានច្បាប់ ធ្វើឡើងដោយមន្ត្រីតុលាការ ICC។ សហរដ្ឋអាមេរិក មានជំហរយ៉ាងរឹងមាំជាមួយអ៊ីស្រាអែល ហើយបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីអន្តរជាតិចេញដីកាចាប់ខ្លួនដោយគ្មានមូលដ្ឋាន ចំពោះមេដឹកនាំរបស់អ៊ីស្រាអែលសម្រាប់បទឧក្រិដ្ឋកម្មមិនពិតប្រាកដ។ ទោះជាយ៉ាងណា ច្បាប់នេះ ត្រូវបានចាត់ទុកថាជា «សេចក្តីស្នើច្បាប់ផ្ញើសារ» ព្រោះវាមិនទំនងជា ត្រូវបានទទួលយកដោយព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ហើយអាចត្រូវបានវ៉េតូ ក្នុងករណីណាមួយ ដោយប្រធានាធិបតី លោក Joe Biden ដែលបាននិយាយថាលោក ប្រឆាំងដាច់ខាត ។
រដ្ឋអាជ្ញាតុលាការ ICC លោក Karim Khan បាននិយាយថា លោកកំពុងស្វែងរកដីកាចាប់ខ្លួនជនជាតិអ៊ីស្រាអែលពីរនាក់ ព្រមទាំងមេដឹកនាំក្រុមហាម៉ាស ៣នាក់ ពីបទសង្ស័យប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋជាសមាជិកទាំង១២៤របស់តុលការ ICC នឹងសម្រេចចុងក្រោយ ថាតើត្រូវអនុវត្តដីកាណាមួយ ដែលចេញដោយចៅក្រមរបស់ខ្លួន។ ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពុំមែនជាសមាជិករបស់តុលាការនេះទេ។