• The People Post

កម្ពុជា-អូស្រ្តាលី ផ្លាស់ប្ដូរបទពិសោធន៍លើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រនិងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ការផ្លាស់ប្តូរបទពិសោធន៍នេះធ្វើឡើងនៅក្នុងកំលុងពេលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

នៅប្រទេសអូស្រ្តាលី លោកឧបនាយករដ្ឋមន្រ្តី នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធន៍ទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាដើម។

សូមបញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ២ផ្នែក ដល់ក្រសួងមហាផ្ទៃ រួមមាន៖ ទី១៖ ជំនួយផ្នែកបច្ចេកទេស (ដូចជាគម្រោង EMM1 និងEMM2 ប្រព័ន្ធ Alertlist ប្រព័ន្ធ iMAS ម៉ាស៊ីនកោសល្យវិច្ច័យឯកសារ (VSC 80) និងឧបកណ៍កោសល្យវិច្ច័យឯកសារ)និង ទី២៖ ជំនួយកសាងសមត្ថភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាល (ដូចជាការវិភាគឯសារធ្វើដំណើរ ការវិភាគព័ត៌មាន បច្ចេកទេសប្រៀបធៀបមុខមាត់ ជំនាញស៊ើបអង្កេត ជំនាញសួរចម្លើយ ការវាយតម្លៃអ្នកដំណើរ និងភាសាអង់គ្លេស)ជាដើម៕