• The People Post

៣០ឆ្នាំមកនេះ ADB ជួយបានជួយនិងគំាទ្រអ្វីខ្លះដល់កម្ពុជា?

បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស, ADB បានផ្តល់ឥណទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៦៧.៧ លានដុល្លារអាម៉េរិក, សម្រាប់ឆ្នាំ១៩៩២ ដល់ឆ្នាំ ១៩៩៦, ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ក្នុងវិស័យសំខាន់ ចំនួន៤ រួមមាន៖ វិស័យដឹកជញ្ជូន, វិស័យថាមពល, វិស័យកសិកម្ម, និង វិស័យអប់រំ។ ទន្ទឹមនេះ, ADB ក៏បានផ្តល់ជំនួយបច្ចេកទេស ចំនួន៤.២លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ភ្នាក់ងារអនុវត្តគម្រោង ដែលទទួលបន្ទុក លើការស្តារឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធអាទិភាពនានា ។

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៩០, ADB បានគាំទ្រកម្ពុជា ក្នុងការស្តារឡើងវិញនូវ ផ្លូវជាតិសំខាន់ៗ, សរុបចំនួន ៥៦០ គីឡូម៉ែត្រ និង ស្ពានចំនួន ២៣, ព្រមទាំងក្នុងការ- ជួសជុលបណ្តាញផ្លូវដែក នៅទីតាំងសំខាន់មួយចំនួន ផងដែរ។ នៅក្រុងព្រះសីហនុ, ADB បានគាំទ្រដល់ការជំរុញពាណិជ្ជកម្ម តាមរយៈការស្តារឡើងវិញ នូវកំពង់ផែទឹកជ្រៅរបស់កម្ពុជា ។ ចំណែកនៅភ្នំពេញវិញ, ហិរញ្ញប្បទានរបស់ ADB បានគាំទ្រដល់ការដំឡើង ម៉ាស៊ីនភ្លើងថ្មី និង ជួសជុលម៉ាស៊ីនភ្លើងដែលមានស្រាប់ ដើម្បីស្តារឡើងវិញនូវបណ្តាញ ចែកចាយអគ្គិសនី។

លើសពីនេះ, ប្រព័ន្ធធារាសាស្ត្រ និង ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ចំនួន ៤ ត្រូវបានជួសជុលឡើងវិញ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែ ចំនួន១ម៉ឺនហិកតា, ដោយក្នុងនោះ, ADB ក៏បានជួយដល់ការផ្គត់ផ្គង់ឧបករណ៍សំណង់, គ្រឿងបន្លាស់, និង ប្រព័ន្ធកុំព្យូទ័រ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកិច្ចការនេះ ផងដែរ។ ចំពោះវិស័យអប់រំ, ហិរញ្ញប្បទានរបស់ ADB បានគាំទ្រដល់ការជួសជុល និង ការបំពាក់គ្រឿងបរិក្ខារ សម្រាប់អនុវិទ្យាល័យ ចំនួន ៦៧, វិទ្យាស្ថានបច្ចេកទេស ចំនួន ៣ និង មហាវិទ្យាល័យគរុកោសល្យ ចំនួន២។

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB បានសម្ពោធស្ថានតំណាងថ្មី ផ្លូវការ ក្នុងអគាវឌ្ឍនៈកាពីតាល ជាន់ទី១០ រាជធានីភ្នំពេញ៕