• The People Post

កម្ពុជាស្វាគមន៍ការវិនិយោគពីកាណាដា

ក្រុមហ៊ុន Lee Li Holdings Group របស់កាណាដា បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជាដូចជា វិស័យឧស្ម័ន និងប្រេង វិស័យសុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និង វិស័យយានយន្ត។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី ស្វាគមន៍និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដល់វិស័យឯកជន ដោយផ្តល់ការលើកទឹកចិត្ត និងជួយសម្របសម្រួលក្រុមហ៊ុន ដែលបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានការរីកចម្រើនធំធាត់។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាលម្អិតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម និងក្រសួងសុខាភិបាល។

លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បនជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នៅវិមានសន្តិភាពនា រសៀលថ្ងៃអង្គារ ទី២ កក្កដា ២០២៤៕