ក្រុមហាម៉ាស ចោទអ៊ីស្រាអែលថា បានព្យាយាមរារាំងការចរចាបទឈប់បាញ់ហ្កាហ្សា
ក្រុមហាម៉ាស បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃចន្ទ (០៩ កក្កដា) ថាបានដាក់ឧបសគ្គដ៏ធំនៅចំពោះមុខការចរចាបទឈប់បាញ់ ស្របពេលមានកិច្ចពិភាក្សាសំដៅឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា។
ក្រុមនេះបានអំពាវនាវដល់អ្នកសម្របសម្រួលឱ្យធ្វើអន្តរាគមន៍ និងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា «ឧបាយកល និងឧក្រិដ្ឋកម្ម» របស់លោក ណេតាន់យ៉ាហ៊ូ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីតេលេក្រាមរបស់ខ្លួន។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយនៅតំបន់ហ្កាហ្សា ត្រូវតែអនុញ្ញាតឱ្យអ៊ីស្រាអែល បន្តការប្រយុទ្ធរហូតដល់គោលដៅរបស់ខ្លួនត្រូវបានសម្រេច។
នៅថ្ងៃចន្ទដដែលនោះ រថក្រោះអ៊ីស្រាអែលបានវាយរុលចូលដល់កណ្តាលទីក្រុងហ្កាហ្សា បន្ទាប់ពីមួយយប់នៃការទម្លាក់គ្រាប់បែក ដែលអាជ្ញាធរហ្កាហ្សានិយាយថាបានសម្លាប់មនុស្សរាប់សិបនាក់ ទោះបីជាការចរចាពហុជាតិសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់កំពុងបន្តក៏ដោយ ដែលនោះអាចបំផ្លាញដល់កិច្ចចរចា។
ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ បានទទួលយកផ្នែកសំខាន់នៃផែនការរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់សង្រ្គាមរយៈពេលប្រាំបួនខែនៅក្នុងតំបន់ហ្កាហ្សា ដោយទម្លាក់ចោលនូវការទាមទារដ៏យូរលង់របស់ខ្លួនដែលថាឱ្យអ៊ីស្រាអែល ប្តេជ្ញាចិត្តជាមុនសិនចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ៕