• The People Post

បេសកកម្មការទូតសភារបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅប្រទេសថៃ ដើម្បីវិបុលភាពពលរដ្ឋភូមិផងរបងជាប់គ្នា និងសកលលោក

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមដំណើរទស្សនកិច្ច ផ្លូវការក្នុងរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី១១ ខែកក្តដាឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងទំាងក្នុងកម្រិតទ្វេភាគីនិងពហុភាគី ឆ្លើយតបតម្រូវការរបស់ពលរដ្ឋទំាងសងខាងនិងជាការថែរក្សាវិបុលភាពដល់ពលរដ្ឋនៅក្នុងសកលលោកផងដែរ។
ទំនាក់ទំនងកម្ពុជានិងថៃបាន ដែលឈានដល់ខូប៧៥ឆ្នាំ បានដំឡើងពីកម្រិតទំនាក់ទំនង «ភាពជាដៃគូ ដើម្បីសន្ដិ ភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»កាលពីដើមឆ្នាំ២០២៤នេះ ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ ករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីខែកុម្ភៈ។ ជាមួយគ្នានេះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរក៏ត្រូវបានលើកកម្ពស់គួរទីមោទកភាពផងដែរ។
នៅក្នុងរយៈពេលចុងក្រោយនេះថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដែលបានបង្ហាញពីឆន្ទះយ៉ាងមុះមុតនៅក្នុងការពួនជ្រំទំនាក់ទំនងជាប្រពៃណីនិងយូរអង្វែងនៃប្រទេសភូមិផងរបងជាប់គ្នានេះ ឱ្យកាន់តែស្អិតរមួតថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក។
គេសង្កេតឃើញថាថ្នាក់ដឹកនាំ រដ្ឋាភិបាលនិងរដ្ឋសភាប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចបន្តបន្ទាប់។ ឯកឧត្តម សេដ្ឋា ថាវីស៊ីននាយករដ្ឋមន្រ្តីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំ២០២៣ ហើយឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានរដ្ឋសភាថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីមីនា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីកុម្ភៈហើយនៅពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញទស្សនកិច្ចនៅប្រទេសថៃ ថែមទៀត។
ប្រទេសថៃជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកទី៣ របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចាប់ពីបានកាន់តួនាទីប្រធានរដ្ឋសភានីតិកាលទី៧មក។ សម្តេចប្រធានរដ្ឋសភាបានបំពេញទស្ស ន កិច្ចនៅប្រទេសវៀតណាម និងឡាវ ដោយបានភ្ជាប់ទៅនិងការចូលរួមកិច្ចប្រជុំកំពូលលើកទី១ប្រធានសភាតំបន់ CLV ។ បន្ទាប់មកសម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសបារំាង និងបានចូលរួមកិច្ចប្រជុំប្រធានសភាជាស្រ្តីសកលលោក នៅទីក្រុងប៉ារីស ដែលរដ្ឋសភាប្រទេសបាំរាំងធ្វើជាម្ចាស់ផ្ទះ។
បេសកកម្មនៅក្រៅប្រទេសរបស់សម្តេចប្រធានរដ្ឋសភាឆ្លើយតបបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ នៅក្នុងការកសាងសុខសន្តិភាព វិបុលភាពសង្គម ដើម្បីការអភិវឌ្ឍដោយចីរភាព ឈរលើគោលការណ៍ឯករាជ្យ អធិបតីភាព ស្មោះត្រង់ បម្រើឱ្យផលប្រយោជន៍ទៅវិញទៅមក។ ការទូតសភានឹងនាំមកនូវកិច្ចសហប្រតិបត្តិរវាងប្រជាជននិងប្រជាជនកាន់តែស្អិតរមួត សម្រាប់ការលើកកម្ពស់លើវិស័យសំខាន់ៗជាច្រើនមានវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម ជាដើម និងដើម្បីលើកកម្ពស់គោលការណ៍ពហុនិយម នៅក្នុងសកលោកផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានរដ្ឋសភាថៃ នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែគ្រប់ជ្រុងជ្រោយឡើង ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក នៅគ្រប់កម្រិតមានកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព សមាជិកសភាជាស្រ្តី និងសមាជិកសភាវ័យក្មេង ជាដើម។
ជាមួយគ្នានោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរក៏នឹងចុះអនុស្សារណៈយោគយល់គ្នាផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងការកសាងសមត្ថភាពការងាររបស់មន្រ្តីអគ្គលេខាធិការដ្ឋាន ដើម្បីផ្តល់សេវាកាន់តែល្អប្រសើរ ជូនតំណាងរាស្រ្ត បំពេញបេសកកម្មជូនពលរដ្ឋ ៕