• The People Post

មនុស្សម្នាក់បានស្លាប់ ខណៈការតវ៉ានៅប្រទេសកេនយ៉ាកាន់តែខ្លាំង

អ្នករាយការណ៍ព័ត៌មាន Reuters បាននិយាយថា មនុស្សយ៉ាងហោចណាស់ ម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកេនយ៉ាកាលពីថ្ងៃអង្គារ១៦ មិថុនាសប្ដាហ៍នេះ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលផ្ទុះឡើងជាថ្មី ខណៈក្រុមបាតុករអំពាវនាវឱ្យមេដឹកនាំកេនយ៉ាចុះចេញពីតំណែង។

បាតុកម្មទូទាំងប្រទេសដឹកនាំដោយយុវជនដែលបានផ្ទុះឡើងកាលពីមួយខែមុនប្រឆាំងនឹងការដំឡើងពន្ធបានបន្ត សូម្បីតែបន្ទាប់ពីលោកប្រធានាធិបតី វីលៀមរ៉ូតូ (William Ruto) បានដកច្បាប់នេះ និងបណ្តេញមន្ត្រីមួយចំនួនចេញពីគណៈរដ្ឋមន្ត្រីរបស់លោកក៏ដោយ។

អ្នកតវ៉ាដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា យើងចង់បានការទទួលខុសត្រូវ។ លោកRuto ត្រូវតែចុះចេញពីតំណែង នោះគឺជារឿងសំខាន់ ព្រោះលោកមិនបាននាំមកនូវភាពទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋទេ។

នៅទីក្រុង ឃីធីនហ្គាឡា (Kitengela) ដែលជាទីក្រុងមួយស្ថិតនៅជាយភាគខាងត្បូងនៃរដ្ឋធានី ណៃរ៉ូប៊ី (Nairobi) នគរបាលបានបាញ់គ្រាប់ពិតម្តងហើយម្តងទៀតតម្រង់ទៅកាន់ក្រុមបាតុកររាប់រយនាក់ ព្រមទាំងបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកផងដែរ។

ទាក់ទងនឹងសេចក្ដីរាយការណ៍ថាមានអ្នកតវ៉ាម្នាក់បានស្លាប់ អ្នកនាំពាក្យនគរបាលជាតិបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ការតវ៉ាកាលពីថ្ងៃអង្គារទំនងជាធំបំផុតចាប់តាំងពីលោក Ruto បានដកការដំឡើងពន្ធនៅថ្ងៃទី ២៦ ខែមិថុនា មក។ហើយមូលហេតុដែលនាំឲ្យផ្ទុះការតវ៉ាជាថ្មីនិងកាន់តែខ្លាំង គឺមានបំណងចង់ឲ្យប្រធានាធិបតីចុះចេញពីតំណែង៕