• The People Post

បង់ក្លាដែស បិទសាកលវិទ្យាល័យ និងសាលារៀន ខណៈមានការប៉ះទង្គិចកក្រើកប្រទេស

អ្នកស្លាប់ក្នុងការតវ៉ាបានកើនឡើងដល់៦នាក់ រួមទាំងនិស្សិត ៣ នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួសគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមបាតុករទាមទារកំណែទម្រង់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយនគរបាលយ៉ាងកក្រើកនៅក្នុងទីក្រុងធំៗទូទាំងប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យបិទសាលារៀន អនុវិទ្យាល័យ និងសាកលវិទ្យាល័យ ។

នគរបាល និងសារព័ត៌មានធំៗ បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ២នាក់នៅក្នុងរដ្ឋធានី ដាកា (Dhaka) និងទីក្រុងកំពង់ផែ ចាតូក្រាម(Chattogram) ភាគឦសាន ខណៈប៉ុន្មានថ្ងៃមុននេះ មានអ្នកស្លាប់ ៤ នាក់ត្រូវបានរាយការណ៍ពីទីក្រុងចាតូក្រាម និងភាគពាយព្យទីក្រុងរាំងពួរ (Rangpur)។

យោងតាមរបាយការណ៍នានា យ៉ាងហោចណាស់អ្នកស្លាប់បីនាក់គឺជានិស្សិត ស្របពេលអំពើហិង្សាបណ្ដាលឱ្យមនុស្សប្រហែល ៤០០នាក់ ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈ ការតវ៉ាទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធកូតាការងាររាលដាលពាសពេញទីក្រុងធំៗនៃប្រទេសបង់ក្លាដែស មួយថ្ងៃបន្ទាប់ពីការតវ៉ាស្ងៀមស្ងាត់ បានក្លាយជាអំពើហិង្សា ក្រោយបាតុកម្មតាមដងផ្លូវមួយសប្តាហ៍។

បច្ចុប្បន្ននេះ ក្រុមអាជ្ញាធរបានហៅកងកម្លាំងឆ្មាំព្រំដែនបង់ក្លាដែស (BGB) ចូលទៅក្នុងទីក្រុងធំៗចំនួនបួន បន្ទាប់ពីនគរបាលរាប់រយនាក់ប្រដាប់ដោយឧបករណ៍កុបកម្ម បានបង្ក្រាបការតវ៉ាទាំងយប់អាធ្រាត្រ ដែលបានផ្ទុះឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងអប់រំបាននិយាយថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលបានបញ្ជាឱ្យបិទសាលារៀន សាកលវិទ្យាល័យ និងអនុវិទ្យាល័យ រហូតមានបញ្ជាបន្ថែមទៀត ស្របពេលមានអំពើហិង្សាកើនឡើង៕