• The People Post

ឥឡូវនេះលោក Biden កំពុងពិចារណាដកខ្លួនចេញពីការប្រជែងអាណត្តិថ្មី

យោងតាមប្រភពជាច្រើនដែលដឹងអំពីបញ្ហានេះបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងទទួលយកការអំពាវនាវឱ្យចាកចេញពីតំណែងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យយ៉ាង ហើយក្រុមមន្ត្រីបក្សប្រជាធិបតេយ្យជាច្រើននាក់គិតថា ការដកខ្លួននេះគឺជៀសមិនផុតនោះទេ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «នេះជាការពិត ដែលថាលោកចាប់ផ្ដើមទទួលយកការអំពាវនាវ ហើយកំពុងថ្លឹងថ្លែងយ៉ាងម៉ឺងមាត់លើការដកខ្លួន»។

លោក Biden វ័យ ៨១ឆ្នាំ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សរបស់ខ្លួនដែលទាមទារឱ្យលោកដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតីម្ដងទៀត បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោលប្រឆាំងនឹងលោក Donald Trump ដែលជាបេក្ខភាពមកពីបក្សសាធារណរដ្ឋ ដោយជំរុញឱ្យមានការភ័យខ្លាចអំពីវ័យចំណាស់ និងសមត្ថភាពរបស់លោកក្នុងការឈ្នះឆ្នោតនៅខែវិច្ឆិកា។

ប្រធានាធិបតីរូបនេះធ្លាប់បានរុញច្រានប្រឆាំងនឹងការអំពាវនាវទាំងនោះ ដោយលើកហេតុផលថាលោកបានឈ្នះការគាំទ្ររាប់លានសំឡេងនៅក្នុងការបោះឆ្នោតបឋមក្នុងពេលប៉ុន្មានខែចុងក្រោយនេះ។ ប្រភព ដែលជាជំនួយការរបស់សមាជិកសភាបក្សប្រជាធិបតេយ្យបាននិយាយថា សម្ពាធកាន់តែឡើងខ្លាំងបន្ទាប់ពីបណ្ដាសមាជិកសភាបានជំរុញឱ្យលោកបោះបង់បេក្ខភាព ជាពិសេសបន្ទាប់ពីលោកកើតជំងឺកូវីដ។

ប្រភពពីមន្ត្រីយុទ្ធនាការលោក Biden បាននិយាយថា «គ្រប់យ៉ាងចប់ហើយ។ គេរងចាំតែការសម្រេចចិត្តរបស់លោក Biden ប៉ុណ្ណោះ»។ ក្នុងពេលជាមួយគ្នានេះ យុទ្ធនាការរបស់លោក Biden កំពុងផ្តោតលើរដ្ឋប្រទាញប្រទូងមួយចំនួន ដែលជាផ្លូវតូចចង្អៀតឆ្ពោះទៅរកជ័យជម្នះ ហើយបានច្រានចោលការលើកឡើងដែលថាលោកត្រៀមខ្លួនដើរចេញ៕