• The People Post

លោក Trump សរសើរពីទំនាក់ទំនងជាមួយមេដឹកនាំកូរ៉េខាងជើង និងបង្ហាញចេតនាចង់សន្ទនាគ្នា

នៅក្នុងសុន្ទរកថាសន្និបាតគណបក្សសាធារណរដ្ឋ ដើម្បីទទួលយកការតែងតាំងរបស់គណបក្សអភិរក្សជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែកក្កដា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក «បានចុះសម្រុងគ្នាយ៉ាងល្អជាមួយ» មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។

ការអត្ថាធិប្បាយរបស់លោកបែបនេះ បានកើតមានឡើង ខណៈដែលលោកបានពោលសរសើរពីខ្លួនឯងថា ជាមនុស្សដ៏ស័ក្ដិសម ក្នុងការញ្ចប់សង្គ្រាម និងដោះស្រាយបញ្ហាស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ដែលពាក់ព័ន្ធជាមួយរុស្ស៊ី និងកូរ៉េខាងជើង ដោយលើកឡើងពីបទពិសោធន៍របស់លោក ក្នុងជំនួបផ្ទាល់ជាមួយលោក Kim និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងសុន្ទរកថារបស់លោក នៅឯសន្និបាតគណបក្សសាធារណរដ្ឋ នៅទីក្រុង Milwaukee រដ្ឋ Wisconsin។

លោក Trump បាននិយាយថា៖ «ខ្ញុំបានចុះសម្រុងគ្នាយ៉ាងល្អ (ជាមួយ) លោក Kim Jong Un របស់កូរ៉េខាងជើង។ វាជាការល្អក្នុងការត្រូវធ្លុងគ្នាជាមួយអ្នកដែលមានអាវុធនុយក្លេអ៊ែរច្រើន។ លោកក៏ចង់ឃើញខ្ញុំត្រឡប់មកវិញដែរ (វិលមកកាន់អំណាចវិញ)។ ខ្ញុំគិតថា គាត់នឹកខ្ញុំ»។

ជាមួយគ្នានេះ លោក Trump ក៏បានអះអាងដែរថា លោកអាចបញ្ឈប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបាន។ លោកបានប្រាប់ថា៖ «ហើយយើងបានបញ្ឈប់ការបាញ់មីស៊ីលពីកូរ៉េខាងជើង។ កូរ៉េខាងជើងកំពុងបង្កបញ្ហាម្តងទៀត ប៉ុន្តែនៅពេលយើងត្រឡប់មកវិញ ខ្ញុំចុះសម្រុងជាមួយគាត់»។

លើសពីនេះទៀត លោកក៏បានធានាដល់អ្នកចូលរួមថា លោកមានសមត្ថភាព ក្នុងការបញ្ចប់វិបត្តិអន្តរជាតិនានា «ដោយការហៅទូរសព្ទ» ទៅភាគីជម្លោះទាំងអស់។ លោក Trump បាននិយាយថា៖ «ខ្ញុំនឹងបញ្ចប់រាល់វិបត្តិអន្តរជាតិដែលរដ្ឋបាលបច្ចុប្បន្ន បានបង្កើតឡើង ក្នុងនោះរួមទាំងសង្រ្គាមដ៏អាក្រក់ រវាងរុស្ស៊ី និងអ៊ុយក្រែន។ ឥឡូវនេះ សង្គ្រាមកំពុងឆាបឆេះ នៅអឺរ៉ុប នៅមជ្ឈិមបូព៌ា ទិដ្ឋភាពនៃជម្លោះដែលកំពុងកើនឡើង នៅកោះតៃវ៉ាន់ កូរ៉េ ហ្វីលីពីន និងតំបន់អាស៊ីទាំងអស់»។

តែយ៉ាងណាក្ដី ការសង្ស័យធំៗ នៅតែមានដដែលថា តើផែនការរបស់លោក Trump ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងជាការគាំទ្រចំពោះទីក្រុងគីវ និងរួមបញ្ចូលការយកមកវិញនូវទឹកដីរបស់អ៊ុយក្រែន ដែលបានបាត់បង់ ក្នុងសង្រ្គាមរយៈពេល ២ឆ្នាំជាមួយរុស្ស៊ី ក៏ដូចជាថា តើលោក Trump នឹងប្រកាន់ខ្ជាប់នូវគោលការណ៍រំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ មុនពេលជួបលោក Kim ដែរ ឬយ៉ាងណា៕