សម្រស់ ប្រាសាទបេងមាលា នារដូវវស្សា
ប្រាសាទបេងមាលា គឺជាបុរាណប្រាសាទមួយ មានអាយុកាលរាប់រយឆ្នាំមកហើយ ដែលបានលាក់ខ្លួនពួនសំងំនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ក្បែរជើងភ្នំគូលែន ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទបេងមាលា ត្រូវបានស្ថាបនាឡើងនាអំឡុងចុងស.វ ទី ១១ និងដើមស.វ ទី ១២ នៃគ.ស ដោយព្រះបាទសូរ្យវរ្ម័នទី២ សាងសង់លើផៃ្ទដីទំហំ១៤ហិកតា ។
ប្រាសាទនេះក៏ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងលទ្ធិព្រហ្មសាសនា។ ប៉ុន្តែបច្ចុប្បន្នប្រាសាទបេងមាលា បានក្លាយជាទីបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្អវិចិត្រ ដែលទាក់ទាញក្រសែភ្នែកទេសចរចម្រុះជាតិសាសន៍ឱ្យចូលទៅទស្សនា។
ដើម្បីទៅទស្សនាប្រាសាទបេងមាលា លោកអ្នកអាចធ្វើដំណើរចេញពីក្រុងសៀមរាប មានរយៈចំងាយប្រមាណ ៥៦គីឡូម៉ែត្រ និងមានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕