នេប៉ាល់ បើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្ស ១៨នាក់
រដ្ឋាភិបាលនេប៉ាល់ បានបង្កើតគណៈកម្មាធិការមួយកាលពីថ្ងៃពុធ (២៤ កក្កដា) ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ ទ្រីប៊ូវ៉ាន់ (Tribhuvan) ក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) ដែលបណ្តាលឱ្យមនុស្ស ១៨នាក់បានស្លាប់។
អ្នកបើកយន្តហោះ ដែលបានរួចរស់ជីវិតពីឧប្បត្តិហេតុធ្លាក់នោះ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីកាប៊ីនរបស់លោកបានផ្ទុះចេញពីតួយន្តហោះ ប៉ុន្មានវិនាទីប៉ុណ្ណោះមុនពេលដែលយន្តហោះឆាបឆេះក្នុងអណ្តាតភ្លើង។
អ្នកបើកយន្តហោះរូបនោះ «ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល ៥នាទីបន្ទាប់ពីការធ្លាក់» ហើយ «លោកតក់ស្លុតយ៉ាងខ្លាំង ប៉ុន្តែមិនបានបាត់បង់ស្មារតីទេនៅពេលនោះ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងទ័ពនេប៉ាល់។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់នេះ។
ប្រធានអាកាសយានដ្ឋានអន្តរជាតិ Tribhuvan បាននិយាយថា ការវាយតម្លៃដំបូងបង្ហាញថា យន្តហោះនោះបានហោះខុសទិសដៅ។ នេប៉ាល់ត្រូវបានគេរិះគន់ចំពោះកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសមិនល្អរបស់ខ្លួន។ ក្នុងខែមករា ឆ្នាំ២០២៣ មនុស្សយ៉ាងតិច ៧២ នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ យ៉េទី (Yeti) ដែលក្រោយមកត្រូវបានសន្មតថាដោយសារអ្នកបើកយន្តហោះនោះបានផ្តាច់ចរន្តអគ្គិសនីដោយច្រឡំ៕