• The People Post

សម្តេចប្រធានរដ្ឋសភា សំណូមពរដល់តំណាងរាស្រ្តបន្តចុះស្វែង យល់សុខទុក្ខប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ

តំណាងរាស្រ្តត្រូវនៅជាប់ជាមួយប្រជាជនជានិច្ច ដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ ដោយ ប្រកាន់ភ្ជាប់គោលការណ៍យកប្រជាពលរដ្ឋជាស្នូល ហើយត្រូវធ្វើអន្តរាគមន៍តាមយន្តការរដ្ឋសភា ក្នុងការដោះស្រាយតាមសំណូមពរ សំណើ និងបណ្តឹងពលរដ្ឋឱ្យមានប្រសិទ្ធសភាពខ្ពស់។ ទំាងនេះជាការអំពាវនាវដ៏ទទូចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ការអំពាវនាវបានធ្វើឡើង នៅក្នុងឱកាសរដ្ឋសភាបិទបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤ នេះ។ នៅក្នុងសម័យប្រជុំព្រឹកមិញនេះ រដ្ឋសភាបានបង្ហាញលទ្ធផលការងារជាច្រើន ដែលបានបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ជាពិសេសការបំពេញមុខងារសំខាន់ៗ របស់ខ្លួន មានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារជាតំណាងពលរដ្ឋ និងការងារវិស័យការទូតសភា។
តាមរបាយការណ៍បង្ហាញថានៅក្នុងរយៈពេលជាងបីខែកន្លងមកនេះ រដ្ឋសភាបាន ទទួលពាក្យបណ្តឹង សំណូមពរ សំណើ ពីប្រជាពលរដ្ឋ បានចំនួន២៥ករណី។ នៅក្នុងនោះគណៈកម្មការជំនាញរដ្ឋសភា បានចាត់ការតាមនីតិវិធីដោយបានធ្វើលិខិតអន្តរាគមន៍ បញ្ជូនទៅក្រសួងស្ថាប័នមានសមត្ថកិច្ចដោះស្រាយបានចំនួន៧ករណី និងកំពុងពិនិត្យសិក្សាចំនួន១៩ករណី ព្រមទំាងបានទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយរបស់ក្រសួងស្ថាប័ន មានសមត្ថកិច្ចចំនួនពីរ។
នៅក្នុងការប្រជុំចុងក្រោយនៃសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេនៅកម្ពុជា កាន់តំណែងជាប្រធានរដ្ឋសភា បានថ្លែងកោតសរសើរដល់សមាជិកសមាជិការដ្ឋសភា ដែលបានខិតខំបំពេញមុខងាររបស់ខ្លួនបានយ៉ាងសកម្ម ស្របតាមច្បាប់។ សម្តេចបានបន្តលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ឱ្យបន្ត ផ្សារភ្ជាប់ខ្លួនជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សម្តេចបានទទូចដល់តំណាងរាស្រ្តឱ្យធ្វើអ្វីៗ ត្រូវយកពលរដ្ឋជាស្នូលគិត គឺត្រូវដល់ដល់សុខទុក្ខ ផលប្រយោជន៍ប្រពលរដ្ឋជាអាទិភាពជានិច្ច។
ក្រៅពីការទទួលពាក្យបណ្តឹងនិងសំណូមពររបស់បប្រជាពលរដ្ឋ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភាបានអញ្ជើញចុះតាមមណ្ឌល រាជធានី ខេត្ត នៅទូទៅប្រទេសផងដែរ នៅក្នុងរយៈពេល៣ខែមកនេះ។ រយៈពេលជាង៣ខែ មកនេះ គណៈកម្មការជំនាញរដ្ឋសភា បានចុះតាមរាជធានី ខេត្ត ដើម្បីស្វែងយល់អំពីការអនុវត្តច្បាប់ និងកម្មវិធីនយោបាយនៅរដ្ឋបាលក្រោមជាតិ និង វិស័យយុត្តិធម៌នៅសាលាដំបូង សាលាឧទ្ធរណ៍ នានាបានចំនួន១១ លើក ផងដែរ៕