• The People Post

ការឈ្វេងយល់ ពីការអនុវត្តកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋសភា នៅក្នុងរយៈពេលជាង៣ខែនេះ

ក្នុងការអនុវត្តមុខងាររបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តាមរយៈគណៈកម្មការជំនាញរដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួនបួន នៅក្នុងរយៈពេលជាង៣ខែមកនេះ ដើម្បីប្រជុំឈ្វេងយល់ពីការអនុវត្តច្បាប់ ពិសេសការអនុវត្តកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ ។

ក្រសួងស្ថាប័ន ដែលបានអញ្ជើញឆ្លើយមកប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា នៅក្នុងរយៈពេលបីខែចុងក្រោយ ពោលនៅក្នុងរយៈពេលនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ មានរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋលេខាធិការដ្ឋានកិច្ចព្រំដែន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងផែនការ។

សូមជម្រាបថាសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរនិងលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភា ក្នុងការបំពេញមុខងាររបស់ខ្លួនឱ្យបានសកម្ម មោះមុត យកពលរដ្ឋជាស្នូលដើម្បីគំាទ្រដល់ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរដ្ឋសភាបានផ្តល់សេចក្តីទុកចិត្តដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចការការពារធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ជាពការសម្រេចបាននូវគោលដៅភិវឌ្ឍន៍ឆ្នាំ២០៣០និងឆ្នាំ២០៥០។

យុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានបាវចនា៥ គោលដៅយុទ្ធសាស្ដ្រ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព , គោលដៅយុទ្ធសាស្ដ្រ៥ រួមមាន ធានាឱ្យបានកំណើនសេដ្ឋកិច្ច បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់ បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សូមជម្រាបថាការតាមដានការអនុវត្តច្បាប់របស់រដ្ឋសភា ចំពោះស្ថាប័ននិតីប្រតិបត្តិការ ជាមុខងារមួយ របស់រដ្ឋសភា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនិងបទបញ្ជផ្ទៃក្នុងរបស់រដ្ឋសភា។ មុខងារសំខាន់ៗរបស់រដ្ឋសភា មានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារជាតំណាងប្រជាពលរដ្ឋ៕