មនុស្ស ៨នាក់ ទទួលការព្យាបាល បន្ទាប់ពីមានហេតុការណ៍ចាក់នឹងកាបិតដោយបុរសម្នាក់
មនុស្ស ៨នាក់ ទទួលការព្យាបាល បន្ទាប់ពីមានរបួស ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុង Southport ប្រទេសអង់គ្លេស។ មន្ត្រីប្រដាប់អាវុធបានចូលទៅចាប់ខ្លួនបុរសម្នាក់ និងរឹបអូសកាំបិត បន្ទាប់ពីកើតឧបទ្ទវហេតុដែលបណ្តាលឲ្យមានអ្នករបួសជាច្រើននាក់ នៅក្បែរទៅក្រុង Liverpool។
អង្គភាពឆ្លើយតបគ្រាអាសន្ន បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ នៅវិថី Hart Street ក្នុងទីក្រុង Southport ប្រហែលម៉ោង ១១:៥០ (ម៉ោងក្នុងស្រុក) នាព្រឹកថ្ងៃចន្ទ (ទី២៩ ខែកក្កដា) នេះ បន្ទាប់ពីត្រូវបានជូនដំណឹងអំពីការកើតហេតុការណ៍ដ៏ធ្ងន់ធ្ងរនោះ។
ជនរងគ្រោះចំនួន ៨នាក់ ដែលមានរបួសស្នាម ត្រូវបានផ្តល់ការថែទាំជាបន្ទាន់ដោយសេវាសង្គ្រោះបន្ទាន់ North West Ambulance Service (NWAS) ហើយក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ ដែលរួមមានមន្ទីរពេទ្យកុមារ Alder Hey មន្ទីរពេទ្យសាកលវិទ្យាល័យ Aintree និងមន្ទីរពេទ្យ Southport & Formby District General Hospital ។
នគរបាលតំបន់ Merseyside បានប្រាប់ឲ្យដឹងថា៖ «មានអ្នកស្លាប់ និងរបួសច្រើននាក់ ហើយព័ត៌មានលម្អិតបន្ថែម នឹងត្រូវបានបញ្ជាក់នៅពេលដែលអាចធ្វើទៅបាន។ នគរបាលប្រដាប់អាវុធ បានឃាត់ខ្លួនបុរសម្នាក់ និងដកហូតកាំបិត។ ជននោះត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ណគរបាល»។
NWAS បាននិយាយថា ខ្លួនបានបញ្ជូនរថយន្តសង្គ្រោះចំនួន ១៣គ្រឿង ព្រមទាំងអ្នកជំនាញនៃក្រុមឆ្លើយតបតំបន់គ្រោះថ្នាក់ (HART) សេវារថយន្តសង្គ្រោះបន្ទាន់ និងវេជ្ជបណ្ឌិតទៅកាន់ទីតាំងកើតហេតុនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ពួកគេបានបា្រប់ឲ្យដឹងថា៖ «យើងកំពុងវាយតម្លៃពីស្ថានភាព និងធ្វើការជាមួយដៃគូសង្គ្រោះបន្ទាន់នានា»៕