• The People Post

រដ្ឋាភិបាលស៊ូដង់ ទាមទារការពិភាក្សា មុនពេលកិច្ចចរចាសន្តិភាព

ក្រសួងការបរទេសស៊ូដង់ ដែលមានភក្តីភាពចំពោះកងទ័ពប្រយុទ្ធប្រឆាំងយោធាប៉ារ៉ា បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន ចង់បានការពិភាក្សាបន្ថែមទៀត មុនពេលទទួលយកការអញ្ជើញរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាបទឈប់បាញ់។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុន បានអញ្ជើញកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) សម្រាប់ការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា។ នៅថ្ងៃដដែលនោះ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Daglo បានស្វាគមន៍ការអញ្ជើញនេះ ហើយបានប្រកាសពីបំណងរបស់កងកម្លាំងគាំទ្ររហ័ស(RSF) ក្នុងការចូលរួម។ កងទ័ពដែលដឹកនាំដោយឧត្តមសេនីយ លោក Abdel Fattah al-Burhan ពុំមានប្រតិកម្មអ្វីឡើយ។

សង្រ្គាមបានផ្ទុះឡើងរាលដាលនៅក្នុងប្រទេសស៊ូដង់ ចាប់តាំងពីខែមេសាឆ្នាំ២០២៣ រវាងកងទ័ពនិង កងកម្លាំគាំទ្ររហ័ស(RSF) ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំ។

កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស បានស្នើសុំ «ការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលស៊ូដង់លើទម្រង់ការ និងរបៀបវារៈ និងសម្រាប់កិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក នៅមុនពេលកិច្ចចរចាណាមួយ នៅពេលអនាគត។

លោក Blinken បាននិយាយថា កិច្ចពិភាក្សា ដែលសហការគាំទ្រដោយប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវតែរួមបញ្ចូលសហភាពអាហ្រ្វិក អេហ្ស៊ីប អារ៉ាប់រួម និងអង្គការសហប្រជាជាតិ ជាអ្នកសង្កេតការណ៍។

ពួកគេមានគោលបំណង ក្នុងការទទួលបានការបញ្ឈប់អំពើហិង្សានៅទូទាំងប្រទេស និងអនុញ្ញាតឱ្យមានដំណើរការចូលនៃជំនួយមនុស្សធម៌។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមបានបង្ខំឱ្យមនុស្សជាង១១លាននាក់ជម្លៀសខ្លួន ទាំងខាងក្នុង និងក្រៅព្រំដែនរបស់ប្រទេសស៊ូដង់ ដោយជម្លោះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងរុញប្រទេសនេះឱ្យធ្លាក់ដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។

ប្រជាជនប្រហែល ២៥,៦ លាននាក់ ជា ចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេស កំពុងប្រឈមមុខ«អសន្តិសុខស្បៀងធ្ងន់ធ្ងរ»។