• The People Post

គណបក្សប្រជាធិបតេយ្យចាប់ផ្តើមដំណើរការតែងតាំងលោកស្រី Harris ជាបេក្ខជនផ្លូវការ

គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានចាប់ផ្តើមដំណើរការតែងតាំងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្លាយជាបេក្ខភាពប្រធានាធិបតីរបស់ពួកគេជាផ្លូវការ។

គណៈប្រតិភូប្រជាធិបតេយ្យបានចាប់ផ្តើមបោះឆ្នោតតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរការដែលស្ទើរតែប្រាកដថានឹងអាចឱ្យលោកស្រី Harris ក្លាយជាបេក្ខភាពផ្លូវការរបស់បក្ស ដោយសារលោកស្រីគឺជាបេក្ខជនតែម្នាក់គត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយប្រតិភូភាគច្រើនបានគាំទ្រលោកស្រីរួចទៅហើយ។

គណបក្សនានាជាធម្មតាតែងតាំងបេក្ខជនរបស់ពួកគេនៅឯសន្និបាតដោយផ្ទាល់ ប៉ុន្តែបណ្ដាមេដឹកនាំបក្សប្រជាធិបតេយ្យបារម្ភថា កាលបរិច្ឆេទបោះឆ្នោតដែលជិតមកដល់នៅក្នុងរដ្ឋមួយចំនួនអាចមានហានិភ័យបើពួកគេក្នុងការរង់ចាំរហូតដល់សន្និបាតជាតិប្រជាធិបតេយ្យដែលនឹងធ្វើឡើងនៅថ្ងៃទី១៩-២២ ខែសីហា នៅទីក្រុងឈីកាហ្គោ (Chicago)។ អ្នកប្រជាធិបតេយ្យបានបង្កើតដំណើរការតែងតាំងតាមអនឡាញនេះដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយអាចមានរយៈពេលរហូតដល់ថ្ងៃចន្ទ (០៥ សីហា) សប្ដាហ៍ក្រោយ ប៉ុន្តែលោកស្រី Harris អាចនឹងទទួលបានការតែងតាំងឆាប់ជាងនេះ។

លោកស្រី Harris ត្រូវបានគេរំពឹងថានឹងរើសបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខមុនពេលចាប់ផ្តើមដំណើរយុទ្ធនាការទូទាំងប្រទេសរួមគ្នាដែលចាប់ផ្តើមពីថ្ងៃអង្គារ (០៦ សីហា) នៅទូទាំងរដ្ឋប្រទាញប្រទង់ចំនួនប្រាំពីរ។ មិនមានការចង្អុលបង្ហាញអំពីការសម្រេចចិត្តចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ទេ ប៉ុន្តែអ្នកយុទ្ធសាស្រ្តទាំងសងខាងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់ឥស្សរជនបក្សប្រជាធិបតេយ្យដែលត្រូវបានគេលើកឡើងថាអាចជាដៃគូបេក្ខភាពអនុប្រធានាធិបតីដ៏មានសក្តានុពល៕