• The People Post

អាមេរិក៖ ការចល័តយោធានៅមជ្ឈិមបូព៌ា គឺក្នុងគោលបំណងកាត់បន្ថយភាពតានតឹង

មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ សីហា) ថា សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយកម្លាំងយោធាបន្ថែមនៅតំបន់មជ្ឈិមបូព៌ា ជាវិធានការការពារដោយមានគោលដៅកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

ភាពតានតឹងក្នុងតំបន់បានកើនឡើងខ្លាំងបន្ទាប់ពីការសម្លាប់លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) មេដឹកនាំក្រុមហាម៉ាស និងមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់មកពីក្រុមហេសបូឡា របស់លីបង់ ដែលក្រុមទាំងពីរនេះត្រូវបានគាំទ្រដោយអ៊ីរ៉ង់។ មានការភ័យខ្លាចកាន់តែខ្លាំងឡើងថា សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា អាចរាលដាលទៅជាជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។

នៅពេលត្រូវបានសាកសួរអំពីរបាយការណ៍ដែលដកស្រង់ពីប្រភពដោយនិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានប្រាប់សមភាគីមកពីប្រទេស G7 ថាអ៊ីរ៉ង់ និងក្រុមហេសបូឡា អាចចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងការបរទេសបាននិយាយថា ក្រុមរដ្ឋមន្ត្រីបានពិភាក្សា «ពីតម្រូវការបន្ទាន់សម្រាប់ការកាត់បន្ថយការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា»។

ក្រសួងការបរទេស បាននិយាយថា លោក Blinken បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាមេដ សៀ អាល់-ស៊ូដានី (Mohammed Shia al-Sudani) កាលពីថ្ងៃអាទិត្យ ហើយបានសង្កត់ធ្ងន់លើ «សារៈសំខាន់សម្រាប់ភាគីទាំងអស់ក្នុងការចាត់វិធានការដើម្បីលុបបំបាត់ភាពតានតឹងក្នុងតំបន់ ជៀសវាងការកើនឡើងនៃជម្លោះបន្ថែមទៀត និងជំរុញឱ្យមានស្ថិរភាព»៕