• The People Post

លោក Biden និងសម្ព័ន្ធមិត្តអឺរ៉ុប ពិភាក្សាពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងបទឈប់បាញ់ហ្កាហ្សា

សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទ (១២ សីហា) ទៅកាន់មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាពីការបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងបទឈប់បាញ់តំបន់ហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃចន្ទ មេដឹកនាំនៃប្រទេសទាំងប្រាំបាននិយាយថា ពួកគេគាំទ្រការអំពាវនាវពីអាមេរិក កាតា និងអេហ្ស៊ីប សម្រាប់ការចរចាជាថ្មីលើបទឈប់បាញ់ហ្កាហ្សា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Biden បានដាក់ចេញនូវសំណើបទឈប់បាញ់បីដំណាក់កាល ដែលក្រុងវ៉ាស៊ីនតោន និងអ្នកសម្រុះសម្រួលក្នុងតំបន់បានព្យាយាមជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ចំណាប់ថ្នូរនៅហ្កាហ្សា ប៉ុន្តែបានជួបឧបសគ្គម្តងហើយម្តងទៀត។ អេហ្ស៊ីប សហរដ្ឋអាមេរិក និងកាតា បានកំណត់ពេលការចរចាបទឈប់បាញ់ថ្មីសម្រាប់ថ្ងៃព្រហស្បតិ៍ (១៥ សីហា) ខាងមុខនេះ។

នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្ត ក្រុមហាម៉ាសបានរារែកចំពោះជុំចុងក្រោយនៃកិច្ចចរចារវាងអេហ្ស៊ីប និងកាតា ដែលគ្រោងនឹងធ្វើឡើងនោះ។ ប្រភពពីរដែលស្និទ្ធនឹងក្រុមហាម៉ាសបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមនេះជឿថាការអំពាវនាវថ្មីសម្រាប់កិច្ចចរចាត្រូវបានសម្របសម្រួលជាមុនជាមួយអ៊ីស្រាអែល ដើម្បីរារាំងការឆ្លើយតបពីអ៊ីរ៉ង់ និងក្រុមហេសបូឡាចំពោះការធ្វើឃាតមេដឹកនាំក្រុមដ៏ចម្រូងចម្រាស ដែលជំរុញឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែរីកធំនៅមជ្ឈិមបូព៌ា៕