• The People Post

អ៊ុយក្រែន ថាខ្លួនបន្តវាយរុលក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយបង្ហើបពីជំហានបន្ទាប់

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា ការវាយលុកឆ្លងព្រំដែនដ៏ធំបំផុតរបស់ខ្លួននៃសង្រ្គាមរហូតមកដល់បច្ចុប្បន្ន បានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួន ៧៤កន្លែងនៅក្នុងតំបន់ ឃើស្ក៍ (Kursk) របស់ប្រទេសរុស្ស៊ី ហើយនៅតែបន្តវាយរុលដោយអាចសម្រុកទៅមុខបានពី ១ទៅ ៣គីឡូម៉ែត្រក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបង្ហើបពី «ជំហានបន្ទាប់» របស់ខ្លួនក្នុងប្រតិបត្តិការ។

អ៊ុយក្រែន បានបង្កការភ្ញាក់ផ្អើលដល់ទីក្រុងមូស្គូ ដោយការបញ្ជូនទាហានរាប់ពាន់នាក់ចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរុស្ស៊ី កាលពីសប្តាហ៍មុន។ ប្រតិបត្តិការនេះបានផ្តល់ឱ្យអ៊ុយក្រែន នូវការមានប្រៀបលើសមរភូមិដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីជំហានថយក្រោយជាច្រើនខែ។

ការអះអាងរបស់ទីក្រុងគីវ លើការដណ្ដើមបានផ្នែកខ្លះនៃទឹកដី Kursk នេះត្រូវបានជំទាស់ដោយទីក្រុងមូស្គូ ដែលឧត្តមសេនីយរុស្ស៊ី លោក អាបទី អាឡាវឌីនូវ (Apti Alaudinov) បាននិយាយថា កងទ័ពអ៊ុយក្រែន ត្រូវបានបញ្ឈប់ ខណៈក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហារនោះត្រូវបានវាយបកវិញនៅតាមភូមិប្រហែល ២៦ ទៅ ២៨គីឡូម៉ែត្រពីព្រំដែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរបស់ទីក្រុងគីវ បានប្រមូលផ្តុំឈ្លើយសឹករុស្ស៊ី ដែលអាចត្រូវបានផ្លាស់ប្តូរសម្រាប់យុទ្ធជនអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថាជា «ថ្នូរដោះដូរ» ដែលកំពុងពង្រីក។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្តេជ្ញាវាយបកមកអ៊ុយក្រែនវិញជាមួយនឹង «ការឆ្លើយតបដ៏ស័ក្តិសម» និងបានចោទប្រកាន់ «បក្សពួកលោកខាងលិច» របស់ទីក្រុងគីវ ថាបានជួយអ៊ុយក្រែន៕