• The People Post

លោក Trump រិះគន់លោកស្រី Harris ខណៈសម្ព័ន្ធមិត្តជំរុញឱ្យផ្លាស់ប្តូរវិធីសាស្រ្តវាយប្រហារ

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការរិះគន់ជាបន្តបន្ទាប់ ទាំងការវាយប្រហារផ្ទាល់ខ្លួន និងផ្អែកលើគោលនយោបាយទៅលើគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ (១៤ សីហា) ដោយសង្ឃឹមថានឹងអាចងើបឡើងវិញក្រោយប្រជាប្រិយភាពក្នុងការស្ទង់មតិរបស់លោកបានធ្លាក់ចុះ។

សម្ព័ន្ធមិត្ត ម្ចាស់ជំនួយ និងទីប្រឹក្សាមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះការវាយប្រហាររបស់លោក Trump ទៅលើប្រាជ្ញាស្មារតីរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ហើយបានស្នើឱ្យលោកផ្លាស់ប្ដូរវិធីសាស្រ្តដោយផ្តោតទៅលើគោលនយោបាយបរាជ័យដែលលោកស្រី Harris បានផ្សព្វផ្សាយក្នុងពេលកាន់តំណែងជំនួសវិញ។

ថ្លែងទៅកាន់អ្នកគាំទ្រនៅក្រុង អាសស្វីល (Asheville) រដ្ឋ ណសខារ៉ូឡាញណា (North Carolina) លោក Trump បានរិះគន់អត្តសញ្ញាណជាតិសាសន៍របស់លោកស្រី Harris ហើយបានវាយប្រហារលើគោលនយោបាយយ៉ាងលម្អិតជាងពេលមុនៗ។ ប៉ុន្តែភាគច្រើនលោកផ្ដោតលើការវាយប្រហារផ្ទាល់ខ្លួន ដោយបានហៅលោកស្រី Harris ថាជា «មនុស្សល្ងង់» និងរិះគន់សំណើចរបស់លោកស្រីថា «នោះជាការសើចរបស់មនុស្សដែលមានបញ្ហាក្នុងខ្លួន»។

ចាប់តាំងពីទទួលបានតំណែងជាបេក្ខភាពប្រធានាធិបតីរបស់បក្សមក លោកស្រី Harris បានផ្លាស់ប្តូរការប្រកួតប្រជែងយ៉ាងខ្លាំង ដោយការស្ទង់មតិខ្លះបានបង្ហាញពីការនាំមុខយ៉ាងប្រកៀកប្រកិតនឹងលោក Trump ហើយឥឡូវនេះការស្ទង់មតិមួយចំនួនបង្ហាញថា លោកស្រីនាំមុខជាច្រើនពិន្ទុក្នុងការប្រជែងតំណែងសេតវិមាននៃការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា៕