• The People Post

ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភាពីររូប មានអាជីពចេញពីអ្នកកាសែត

ប្រធានរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា សុទ្ធជាអ្នកធ្លាប់បានឆ្លងកាត់អាជីពអ្នកសារព័ត៌មាន នៅមុនទទួលបានតួនាទីកំពូលៗនៅក្នុងស្ថាប័នតាក់តែងច្បាប់ ឬការដឹកនាំ គ្រប់គ្រងក្រសួងស្ថាប័ន នៅមុននេះ។

ក្រោយបញ្ចប់ សញ្ញាបត្រសារព័ត៌មាន ពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ប្រទេសហុងគ្រី នាទសវត្សរ៍ឆ្នាំ៨០ សម្តេចរដ្ឋសភាធិបតី បានក្លាយជាអគ្គនិពន្ធនាយកកាសែតប្រជាជន នៅមុនទទួលបានតួនាទីសំខាន់ៗបន្តបន្ទាប់ទៀត លើការងារ មនុស្សធម៌ សង្គម នយោបាយ។ សម្តេចបានក្លាយជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅឆ្នាំ១៩៩៨ ក្នុងនីតិកាលទី២ នៃរដ្ឋសភា។

ចំណែកឯកឧត្តម ប្រាក់ សុខុន ដែលបច្ចុប្បន្នជាអនុប្រធានទី១ ព្រឹទ្ធសភា និងជាអតីតរដ្ឋមន្រ្តីការបរទេសនោះ ឯកឧត្តមបានក្លាយជាមន្រ្តីយោធានៅឆ្នាំ១៩៧៩។ ឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៦ ឯកឧត្តម ជាប្រធានផ្នែកនិពន្ធកាសែតកងទ័ពហើយបានក្លាយជានិពន្ធនាយករង កាសែតកងទ័ព ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩២ ។ ដល់ឆ្នាំ១៩៩៣ ក្នុងពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោត ឯកឧត្តម បានធ្វើជាអ្នកនាំពាក្យអគ្គសេនាធិការកងយោធពលខេមរភូមិន្ទ និងជាប្រធានផ្នែកសេវាព័ត៌មាន កងទ័ព៕