• The People Post

បង់ក្លាដែស នឹងសម្រេចធ្វើបត្យាប័នលោកស្រី Hasina ពីឥណ្ឌា ខណៈបណ្ដឹងប្រឆាំងកើនឡើង

រដ្ឋមន្ត្រីការបរទេសតាមជាក់ស្ដែងរបស់បង់ក្លាដែស លោក ម៉ូហាម៉ាដ ទូហីត ហូសេន (Mohammad Touhid Hossain) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) ថា នៅពេលដែលបណ្ដឹងប្រឆាំងនឹងលោកស្រី សេក ហាស៊ីណា (Sheikh Hasina) កើនឡើង រួមទាំងការចោទប្រកាន់ពីបទមនុស្សឃាត បង់ក្លាដែសនឹងសម្រេចចិត្តថាតើត្រូវស្នើឱ្យឥណ្ឌា ធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសដែលបានលាលែងពីតំណែង និងភៀសខ្លួនទៅកាន់ទីក្រុង ញូវដេលី (New Delhi) កាលពីសប្តាហ៍មុនរូបនេះដែរឬយ៉ាងណា។

លោក Hossain បាននិយាយនៅក្នុងបទសម្ភាសមួយថា លោកមិនចង់ធ្វើការប៉ាន់ស្មានទេ ប៉ុន្តែបានសង្កត់ធ្ងន់ថាលោកស្រី Hasina កំពុងប្រឈមមុខនឹង «បណ្ដឹងជាច្រើន»។ លោកនិយាយថា បើក្រសួងមហាផ្ទៃ និងយុត្តិធម៌របស់ប្រទេសបានសម្រេច «យើងត្រូវស្នើសុំឱ្យលោកស្រីត្រលប់មកបង់ក្លាដែសវិញ»។

លោកស្រី Hasina បានភៀសខ្លួនទៅកាន់ឥណ្ឌា កាលពីថ្ងៃទី០៥ ខែសីហា បន្ទាប់ពីការតវ៉ាដ៏ហិង្សាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៥០នាក់ស្លាប់។ លោកស្រីត្រូវបានគេដាក់ឈ្មោះក្នុងបណ្ដឹងឃាតកម្មចំនួនពីរករណីរួចហើយ រួមជាមួយសមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់ខ្លួន។

លោក អាទួ រ៉ាម៉ាន (Ataur Rahman) អនុប្រធានស៊ើបអង្កេតនៃតុលាការក្នុងស្រុកមួយបាននិយាយថា ខ្លួនបានបើកសំណុំរឿងទីបី ដែលជាការស៊ើបអង្កេតលើមនុស្ស ១០នាក់ រួមទាំងលោកស្រី Hasina ពីបទឃាតកម្ម ការធ្វើទារុណកម្ម និងអំពើប្រល័យពូជសាសន៍ក្នុងអំឡុងពេលតវ៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចាប់តាំងពីការបណ្តេញចេញ លោកស្រី Hasina បានទាមទារឱ្យមានការស៊ើបអង្កេតលើការសម្លាប់ និងការបំផ្លិចបំផ្លាញអំឡុងពេលបាតុកម្ម ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់លើលោកស្រីទេ៕