អ៊ុយក្រែន បង្កើតការិយាល័យយោធានៅក្នុងប្រទេសរុស្ស៊ី
យោងតាមមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែន បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានបង្កើតការិយាល័យរដ្ឋបាលយោធាមួយនៅតំបន់ ឃើស (Kursk) ភាគខាងលិចរបស់រុស្ស៊ី ជាទីដែលការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនចូលក្នុងទឹកដីរុស្ស៊ី នៅតែបន្ត។
លោកឧត្តមសេនីយ៍ អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrsky) បាននិយាយថា ការិយាល័យនេះនឹងរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងបំពេញតម្រូវការបន្ទាន់ របស់ប្រជាជននៅក្នុងតំបន់។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកឧត្តមសេនីយ៍ ស៊ីស្គី ត្រូវគេមើលឃើញ កំពុងប្រាប់កិច្ចប្រជុំមួយដែលដឹកនាំដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា ការិយាល័យនេះត្រូវបានបង្កើតឡើងនៅលើទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន។
គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ការលុកលុយរបស់អ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ីមានរយៈពេល១០ថ្ងៃគត់។
នេះគឺជាការលុកលុយដ៏ជ្រៅបំផុតរបស់អ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយពេញបន្ទុករបស់ខ្លួនកាលពីឆ្នាំ២០២២៕