• The People Post

អ្នកការទូតរុស្ស៊ី៖ គ្មានអ្វីត្រូវចរចាជាមួយរបបទីក្រុងគីវ ដែលកំពុងសម្លាប់ជនស៊ីវិលនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា ពុំមានអ្វីត្រូវនិយាយជាមួយរបបណាហ្ស៊ីរបស់អ៊ុយក្រែន ដែលកំពុងសម្លាប់ជនស៊ីវិល និងបង្កការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរនោះទេ។

អ្នកស្រី បាននិយាយថា៖«បន្ទាប់ពីថ្ងៃទី ៦ ខែសីហា ពិភពលោក អាចមើលឃើញការឆ្លើយតបរបស់ អ៊ុយក្រែនចំពោះកាយវិការដ៏ល្អនេះ គឺការវាយប្រហាររបស់ក្រុមចោរនៅលើតំបន់ Kursk និងអំពើឃោរឃៅរបស់ពួកគេប្រឆាំងនឹងប្រជាជនស៊ីវិល ការសម្លាប់ដោយចេតនានូវគ្រូពេទ្យ អ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត ការវាយប្រហារលើរថយន្តស៊ីវិល។ ការវាយប្រហារដោយមីស៊ីលទៅលើលំនៅឋាន ការលួចប្លន់ និងសកម្មភាពដែលបង្កើតការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរ។ ដោយសារសកម្មភាពទាំងអស់នេះ ហើយ [ប្រធានាធិបតីរុស្ស៊ី] លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា មិនមានអ្វីត្រូវនិយាយជាមួយមនុស្សដែលកំពុងធ្វើបែបនេះទេ»។

យោងតាមអ្នកស្រី Zakharova លោកខាងលិច ត្រូវតែជំរុញទីក្រុងគីវ ឲ្យបញ្ឈប់ការវាយប្រហារភេរវកម្មលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសរុស្ស៊ី។ អ្នកស្រី បានបញ្ជាក់ថា៖««អ្នកដែលពិតជាចង់ធានាសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចៀសវាងផលវិបាកដ៏មហន្តរាយនៃសកម្មភាពព្រៃផ្សៃរបស់របបណាហ្ស៊ីនៃទីក្រុងគីវ ត្រូវតែជំរុញរបបនេះឲ្យទម្លាក់ចោលវិធីសាស្រ្តនៃសង្គ្រាមភេរវកម្ម ហើយបណ្តាប្រទេសលោកខាងលិចត្រូវ បញ្ឈប់ការលើកទឹកចិត្តបែបនេះ និងការផ្គត់ផ្គង់អាវុធដ៍គ្រោះថ្នាក់ទៅឲ្យរបបទីក្រុងគីវ»។