• The People Post

ចក្រភពអង់គ្លេស ប្ដេជ្ញាបង្ក្រាបបញ្ហាអន្តោប្រវេសន៍ បន្ទាប់ពីកុបកម្មដ៏តានតឹង

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (Keir Starmer) បានសន្យាថានឹងបង្កើនការនិរទេសមនុស្សដែលគ្មានសិទ្ធិស្របច្បាប់ក្នុងការស្នាក់នៅក្នុងចក្រភពអង់គ្លេសក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថាខ្លួនកំពុងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ជនជាតិអង់គ្លេសអំពីកំណើនអន្តោប្រវេសន៍។

ការិយាល័យអន្តោប្រវេសន៍អង់គ្លេស បាននិយាយានៅថ្ងៃពុធ (២១ សីហា) នេះថា ខ្លួននឹងជ្រើសរើសមន្ត្រីស៊ើបការណ៍សម្ងាត់ចំនួន ១០០នាក់នៅទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ ដើម្បីជួយរុះរើក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ធ្វើប្រតិបត្តិការឆ្លងកាត់តាមទូកតូចៗដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនឆ្លងកាត់ផ្លូវទឹកអង់គ្លេស។

ការិយាល័យនេះក៏បាននិយាយថា ខ្លួននឹងបង្កើនសមត្ថភាពឃុំខ្លួនជនអន្តោប្រវេសន៍ និងបង្ក្រាបលើក្រុមហ៊ុនដែលជួលកម្មករខុសច្បាប់ ខណៈរដ្ឋបាលគណបក្សការងារថ្មីកំពុងដោះស្រាយបញ្ហាប្រឈមដែលបានដាក់បន្ទុកលើក្រុមអភិរក្សនិយមក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ (Rishi Sunak)។

អន្តោប្រវេសន៍គឺជាប្រធានបទសំខាន់នៅក្នុងការបោះឆ្នោតសកលកាលពីខែកក្កដា ដែលបក្សការងារបានឈ្នះក្នុងសំឡេងគាំទ្រដ៏លើសលប់ និងបានបន្តគ្របដណ្ដប់លើការពិភាក្សានយោបាយបន្ទាប់ពីការផ្ទុះឡើងនៃកុបកម្មប្រឆាំងជនអន្តោប្រវេសន៍នៅទូទាំងប្រទេសក្នុងខែសីហា។ កុបកម្មដ៏តានតឹងនេះបង្កឡើងដោយព័ត៌មានមិនពិត ដែលថាជនដៃដល់ក្នុងការវាយប្រហារដោយកាំបិតសម្លាប់ក្មេងស្រី ៣នាក់នៅភាគខាងជើងដែនដីអង់គ្លេសជាជនអន្តោប្រវេសន៍៕