ការទាមទាររបស់អ៊ីស្រាអែល ឱ្យមានទាហាននៅហ្កាហ្សា រារាំងកិច្ចព្រមព្រៀងបទឈប់បាញ់
ការខ្វែងគំនិតគ្នាអំពីវត្តមានយោធានាពេលអនាគតរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន កំពុងតែរារាំងបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរ នេះបើយោងតាមប្រភពចំនួន១០ ដែលដឹងពីជុំនៃកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានបញ្ចប់កាលពីសប្តាហ៍មុន។
ប្រភព ដែលរួមមានទាំងមន្ត្រីក្រុមហាម៉ាស និងអ្នកការទូតលោកខាងលិច បានប្រាប់សារព័ត៌មានរ៉យទ័រថា ការខ្វែងគំនិតគ្នានេះកើតចេញពីការទាមទារដែលអ៊ីស្រាអែល បានដាក់ចេញចាប់តាំងពីក្រុមហាម៉ាស បានទទួលយកកំណែថ្មីនៃសំណើបទឈប់បាញ់ ដែលបានបង្ហាញដោយប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែឧសភា មក។
ប្រភពទាំងអស់ដែលសុំមិនបញ្ចេញឈ្មោះនោះនិយាយថា ក្រុមហាម៉ាស មានការព្រួយបារម្ភជាពិសេសចំពោះការទាមទារចុងក្រោយបង្អស់ក្នុងការទុកកងទ័ពដាក់ពង្រាយតាមច្រករបៀង ណេតហ្សារីម (Netzarim) ដែលជាខ្សែបន្ទាត់ពីភាគខាងកើតនិងខាងលិចអ៊ីស្រាអែល ដែលរារាំងការចល័តសេរីរបស់ប៉ាឡេស្ទីនរវាងភាគខាងជើង និងខាងត្បូងហ្កាហ្សា ក៏ដូចជាវត្តមានយោធានៅក្នុងច្រកព្រំដែនដ៏តូចចង្អៀតមួយរវាងហ្កាហ្សា និងអេហ្ស៊ីប ដែលគេស្គាល់ថាជាច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia)។
ប្រភពបន្តថា ក្រុមហាម៉ាស មើលឃើញថាអ៊ីស្រាអែល បានផ្លាស់ប្តូរលក្ខខណ្ឌនិងការទាមទាររបស់ខ្លួន «នៅនាទីចុងក្រោយ» ហើយបារម្ភថាបើខ្លួនយល់ព្រមលើការទាមទារណាមួយ នោះអាចនឹងមានការទាមទារផ្សេងទៀតកើតឡើងមិនឈប់មិនឈរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាសនិយាយថា សំណើដែលកើតចេញពីកិច្ចពិភាក្សាកាលពីសប្តាហ៍មុនគឺបំពេញទៅនឹងជំហរលក្ខខណ្ឌថ្មីរបស់អ៊ីស្រអែលពេក ខណៈភាគីអ៊ីស្រាអែល បានបដិសេធថាមិនបានធ្វើការទាមទារថ្មីទេ ដោយនិយាយថាជំហររបស់ខ្លួននៅតែស្ថិតនៅលើសំណើពីមុន៕