• The People Post

ទឹកជំនន់នៅបង់ក្លាដែស និងឥណ្ឌា សម្លាប់មនុស្ស ១៥នាក់ ខណៈប៉ះពាល់អ្នកស្រុករាប់លាននាក់

ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានប៉ះពាល់មនុស្សរាប់លាននាក់នៅភាគឦសានឥណ្ឌា និងតំបន់ភាគខាងកើតបង់ក្លាដែស ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ ខណៈក្រុមសង្គ្រោះពិបាកទៅដល់អ្នកដែលត្រូវការជំនួយ។

យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និងរាប់ម៉ឺននាក់បានជម្លៀសចេញពីផ្ទះសម្បែង ខណៈទឹកជំនន់ និងបំណាក់ដីបានបង្កការបំផ្លិចបំផ្លាញនៅរដ្ឋ ទ្រីពូរ៉ា (Tripura) ភាគឦសានប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃពុធមក ហើយមនុស្ស ៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងបង់ក្លាដែស។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែសនិយាយថា មនុស្សជិត ៣លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានធ្វើឱ្យលំនៅឋានរាប់រយខ្នងលិចទឹក ហើយអ្នកស្រុកត្រូវជាប់គាំងនៅលើដំបូល។ នៅឥណ្ឌា អាជ្ញាធរបានបើកជំរំសង្គ្រោះជាង ៣០០កន្លែងនៅរដ្ឋ Tripura ដែលចំនួនមនុស្សភៀសខ្លួនទៅជំរំទាំងនោះត្រូវបានគេប៉ាន់ប្រមាណថាមានរាប់ពាន់នាក់។

ខណៈពេលដែលប្រទេសជិតខាងទាំងពីរបានរងផលប៉ះពាល់ដោយទឹកជំនន់ដូចគ្នា ប្រជាជនបង់ក្លាដែសជាច្រើនបានស្តីបន្ទោសឥណ្ឌាចំពោះទឹកជំនន់ដ៏គំហុកនេះ ដោយនិយាយថា ឥណ្ឌាបានបើកទំនប់ទឹកនៅក្នុងទន្លេ Tripura ដែលបណ្តាលឱ្យមានទឹកហូរជោរជន់ទៅក្នុងបង់ក្លាដែស ប៉ុន្តែក្រសួងការបរទេសឥណ្ឌា បានបដិសេធការលើកឡើងទាំងនោះ៕