ចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាជាថ្មីនៅក្នុងដែនទឹកជម្លោះសមុទ្រចិនខាងត្បូង
ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នានៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ (២៥ សីហា) ជុំវិញអ្វីដែលទីក្រុងម៉ានីល បាននិយាយថាជាបេសកកម្មផ្គត់ផ្គង់អ្នកនេសាទ ដោយនោះជាការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតនៃការប៉ះទង្គិចដែនសមុទ្រ និងផ្លូវអាកាសនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។
ឧប្បត្តិហេតុនេះគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងជម្លោះឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនខែ រួមទាំងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីខែមិថុនា ដែលក្នុងពេលនោះនាវិកហ្វីលីពីនម្នាក់បានដាច់ម្រាមដៃ។
ហ្វីលីពីន កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ចិនថា «ធ្វើសកម្មភាពដ៏កម្រោល និងគ្រោះថ្នាក់» រារាំងបេសកកម្មផ្គត់ផ្គង់ឡើងវិញ។ ទន្ទឹមនឹងនោះ ឆ្មាំល្បាតឆ្នេរចិននិយាយថា ខ្លួនបានចាត់វិធានការការពារលើនាវាដែលបានចូលដែនទឹកដោយខុសច្បាប់ ហើយបានចូលទៅជិតនាវាចិនម្តងហើយម្តងទៀតក្នុងលក្ខណៈគ្រោះថ្នាក់។
នៅក្នុងឧបទ្ទវហេតុនៅជិតដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) ក្រុមការងារសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីននិយាយថា នាវាចិនបានវាយប្រហារ និងប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាការិយាល័យជលផលហ្វីលីពីន ដែលដឹកជញ្ជូនអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសម្រាប់អ្នកនេសាទហ្វីលីពីន។
ចំណែកឆ្មាំល្បាតឆ្នេរចិនបានចោទដាក់ទីក្រុងម៉ានីលវិញថា នាវាហ្វីលីពីន «មិនអើពើនឹងការព្រមានដ៏ម៉ឹងម៉ាត់ម្តងហើយម្តងទៀតរបស់ចិន ហើយបានចូលទៅជិតដោយចេតនា និងបានបំបុក» ទូកសមត្ថកិច្ចរបស់ចិន ដែលបណ្តាលឱ្យមានការប៉ះទង្គិច ដោយបន្ថែមថា ទំនួលខុសត្រូវចំពោះការប៉ះទង្គិចគ្នានេះគឺស្ថិតលើភាគីហ្វីលីពីនទាំងស្រុង៕