លោក Trump គំរាមដកខ្លួនពីកិច្ចពិភាក្សាដេញដោលជាមួយលោកស្រី Harris ដោយសារការបិទម៉ៃក្រូហ្វូន
យុទ្ធនាការរបស់លោក Donald Trump និងលោកស្រី Kamala Harris បានប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ ២៦ សីហា សប្ដាហ៍នេះ ជុំវិញការជជែកដេញដោលប្រធានាធិបតីអាមេរិកនៅខែក្រោយព្រោះតែបញ្ហាបិទម៉ៃក្រូហ្វូន ខណៈគូប្រជែងខាងបក្សសាធារណរដ្ឋរបស់លោកស្រីបានគំរាមដកខ្លួនចេញទាំងស្រុង ដោយលើកឡើងថាទូរទស្សន៍ ABC ដែលបានព្រមព្រៀងកាលពីកន្លងទៅថាជា បណ្តាញផ្សព្វផ្សាយមានភាពលំអៀង ។លោក Trump ចង់ឲ្យម៉ៃក្រូហ្វូនរបស់លោកបើកនៅពេលគូប្រជែងកំពុងនិយាយ ងាយឲ្យលោកនិយាយឌឺដង។
លោក Trump ដែលកំពុងព្យាយាមដណ្ដើមកៅអីសេតវិមានជាថ្មី បានសរសេរនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីយប់ថ្ងៃអាទិត្យថា ហេតុអ្វីបានជាខ្ញុំចូលរួមការជជែកដេញដោល ទល់នឹងលោកស្រី Kamala Harris នៅលើបណ្តាញនោះ? ព្រោះបណ្ដាញទូរទស្សន៍នោះមានការលំអៀងទៅរកបក្សប្រជាធិតេយ្យ។
អ្នកនាំពាក្យរបស់លោកស្រី Harris លោកប្រាយអិនហ្វាឡុន ( Brian Fallon) បាននិយាយកាលពីថ្ងៃចន្ទថា យុទ្ធនាការរបស់លោកស្រីបេក្ខជនប្រធានាធិបតី ចង់ឱ្យទូរទស្សន៍រក្សាម៉ៃក្រូហ្វូនរបស់បេក្ខជននៅទូទាំងព្រឹត្តិការណ៍នេះ ដោយមិនបិទសំឡេងនៅពេលដែលគូប្រជែងរបស់ពួកគេកំពុងនិយាយដូចនៅក្នុងការជជែកដេញដោលប្រធានាធិបតីចុងក្រោយ។ នោះជាអ្វីដែលគេហៅថាបញ្ហាបិទម៉ៃក្រូហ្វូន ដែលពេលខ្លះ អាចជួយ ឬអាចធ្វើឱ្យប៉ះពាល់បេក្ខជននយោបាយ ដោយសារតែការបញ្ចេញមតិពេលខ្លះពុំមានន័យសម្រាប់សាធារណជន។
ចំណែកទីប្រឹក្សាយុទ្ធនាការជាន់ខ្ពស់មួយរូបរបស់លោក Trump គឺ លោក Jason Miller បាននិយាយនៅក្នុងសេក្ដីថ្លែងការណ៍មួយថាពួកគេ បានព្រមព្រៀងដូចពេលធ្វើក្នុងការជជែកដេញដោលនៅទូរទស្សន៍ CNN កាលពីខែមិថុនា ដែលបានបិទម៉ៃក្រូហ្វូន ដោយបន្ថែមថា យើងពុំមានការផ្លាស់ប្ដូរចំពោះគោលការណ៍ដែលបានព្រមព្រៀងគ្នាហើយនោះទេ៕