• The People Post

អ៊ុយក្រែនអនុម័តការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំក្នុងពេលមានសង្គ្រាម ខណៈរងការរិះគន់

សភារបស់ប្រទេសអ៊ុយក្រែន បានអនុម័តការរុះរើរដ្ឋាភិបាលដ៏ធំបំផុតរបស់លោកប្រធានាធិបតី Volodymyr Zelensky ចាប់តាំងពីប្រទេសរុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញបន្ទុកកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២។ ប្រធានាធិបតីរូបនេះបានលើកឡើងពីការរុះរើនេះថា ប្រទេសនេះត្រូវការថាមពលថ្មី។

លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) វ័យ៤៩ឆ្នាំជាអតីតអ្នកការទូតប្រចាំនៅទួរគី និងជាអតីតទីប្រឹក្សាប្រធានាធិបតី Zelensky ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី បន្ទាប់ពីការលាលែងពីតំណែងរបស់លោក គូឡេបា នៅក្នុងការកែប្រែ ដែលបានមើលឃើញរដ្ឋមន្ត្រីថ្មីចំនួន៩រូបចូលកាន់តំណែង។

ខណៈលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសង្កត់ធ្ងន់លើតម្រូវការ ពង្រឹងរដ្ឋនៅក្នុងវិស័យសំខាន់ៗមួយចំនួន សមាជិកសភាបក្សប្រឆាំងមួយចំនួនបានរិះគន់ការផ្លាស់ប្តូរនេះ ថា ជារឿងមិនចាំបាច់ ពិសេសក្នុងអំឡុងពេលប្រទេសកើតសង្គ្រាមកលិយុគ។

ការរុះរើត្រូវបានរំពឹងទុកអស់រយៈពេលជាច្រើនខែ ដោយគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីភាគច្រើនបានចាកចេញពីតំណែង បន្ទាប់ពីមានជម្លោះនៃការលាលែង និងការបណ្តេញចេញ។

ប៉ុន្តែក្រុមអ្នករិះគន់ បានចោទប្រកាន់ប្រធានាធិបតីថា កំពុងស្វែងរកការប្រមូលផ្តុំអំណាចជុំវិញការិយាល័យរបស់លោក ក្នុងនោះក៏មានរដ្ឋមន្ត្រីថ្មីជាច្រើន ដែលធ្លាប់ធ្វើជាទីប្រឹក្សារបស់លោកដែរ។

ចំណែកក្រុមអ្នកគាំទ្រនិយាយថា ការប្រមូលផ្តុំអំណាចនយោបាយគឺជាការចាំបាច់ក្នុងអំឡុងពេលមានសង្គ្រាមទប់ទល់នឹងរុស្ស៊ី៕